(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញាថា នឹងលុបបំបាត់ចោលឲ្យទាល់តែបាន នូវវិធីសាស្រ្តនៃការធ្វើពាណិជ្ជ​កម្មដែលគ្មានតម្លាភាពនៅទូទាំងពិភពលោក ក៏ដូចជាចាត់វិធានការទៅលើ បណ្តាប្រទេសទាំងឡាយណា ដែលចូលរួមចំណែកក្នុងការធ្វើ​ឲ្យសហរដ្ឋអាមេរិកទទួលរងឱនភាព ពាណិជ្ជកម្មយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។

ស្របពេល​ដែលចេញសេចក្តីប្រកាស​អំពីការចុះ​ហត្ថលេខាលើ បទបញ្ជាថ្មី​ចំនួនពីរ​ក្នុងការិយាល័យ​ប្រធានាធិបតី​នៅសេតវិមាន លោក ដូណាល់ ត្រាំ បានថ្លែងថា «ចាប់ពីពេលនេះ​តទៅជនទាំង​ឡាយណា ដែលហ៊ាន​ល្មើសបទវិន័យ​នឹងប្រឈម​ជាមួយលទ្ធផល​ដ៏សាកសម ហើយ​​លទ្ធផល​ទាំងនោះគឺមិនល្អ​នោះ នឹងកាន់តែធ្ងន់ធ្ងរជាទីបំផុត»

គួរបញ្ជាក់ថា​បទបញ្ជាដ៏សំខាន់ជាងគេ​ក្នុងចំណោមបទ​បញ្ជាថ្មី​ទាំងពីរ គឺការបង្គាប់​ឲ្យមន្រ្តីពាក់ព័ន្ធ​ធ្វើការស្រាវជ្រាវ​ និងតាមស្វែងរក «ជនបោកប្រាស់» មិនថា​ជាប្រទេស​ ឬមួយក៏ក្រុមហ៊ុន​នានានោះឡើយ ដែលជាអ្នកទទួល​ខុសត្រូវចំពោះឱនភាពពាណិជ្ជកម្មជិត ៦០​ពាន់​លានដុល្លារ​ក្នុងមួយខែៗ​របស់​សហរដ្ឋអាមេរិក៕