(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានថ្លែងថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក​នាពេលបច្ចុប្បន្ន​នេះ​ ប្រហែលជាអាក្រក់ជាងកាលពីសម័យសង្រ្គាមត្រជាក់ទៅទៀត ដោយសារតែសកម្មភាពរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។

នៅពេល​ត្រូវបានក្រុម​អ្នកសារព័ត៌មានចោទ​សួរថា តើរុស្ស៊ី និងសហរដ្ឋអាមេរិក​កំពុងស្ថិតក្នុង​សង្រ្គាម​ត្រជាក់ថ្មី​ដែរ​ឬយ៉ាង​ណានោះ លោក Dmitry Peskov បានធ្វើការឆ្លើយតបទៅវិញយ៉ាងដូច្នេះថា «សង្រ្គាមត្រជាក់ថ្មី? តាមពិតទៅ​ប្រហែលជា​អាចអាក្រក់ជាងហ្នឹង​ទៅទៀត... ដោយសម្អាង​​លើ​​សកម្មភាពរបស់រដ្ឋបាលដឹកនាំបច្ចុប្បន្ន នៅក្នុងទីក្រុងវ៉ាស៊ីនតោន»

អ្នកនាំពាក្យ​វិមានក្រឹមឡាំង​បានបន្ត​ទៀតថា ជំនួបរវាង​ប្រធានាធិបតី​រុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និង​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ អាចជួយ​សម្របសម្រួល​ឲ្យទំនាក់ទំនង​រវាងប្រទេសទាំងពីរ ដែលយោងតាម​ប្រវត្តិសាស្រ្ត​ធ្លាប់តែមានភាពយាប់យ៉ឺននោះ ងាកទៅរក​ភាពប្រសើរឡើងបាន។

គួរបញ្ជាក់ថា​ដោយឡែកនាពេលថ្មីនេះ រដ្ឋមន្រ្តីការបរទេស​អាមេរិកលោក Rex Tillerson បានបញ្ជាក់​ច្បាស់ៗ ទណ្ឌកម្មប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​ និងស្ថិតនៅដដែលលុះត្រាតែ​ទីក្រុងម៉ូស្គូ​យល់ព្រមប្រគល់​តំបន់គ្រីមៀ​ទៅឲ្យប្រទេស​អ៊ុយក្រែនវិញ។ ម៉្យាងវិញទៀត កាលពី​សប្តាហ៍​មុន សហរដ្ឋអាមេរិក​ទើបតែបាន​ដាក់ទណ្ឌកម្មថ្មី​បន្ថែមទៀត ប្រឆាំងនឹង​ក្រុមហ៊ុនរុស្ស៊ី​ចំនួន០៨កន្លែង នៅក្នុងការពាក់ព័ន្ធ​លួចផ្គត់ផ្គង់​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ និងកូរ៉េខាងជើង។ ជុំវិញការ​ដាក់ទណ្ឌកម្ម​ថ្មីនេះ អ្នកតំណាង​ក្រសួងការបរទេសអាមេរិក​ បានចេញមុខ​បកស្រាយថា ការ​សម្រេចចិត្ត​ត្រូវបានធ្វើឡើង​តាំងពី​អំឡុងប៉ុន្មាន​ថ្ងៃចុងក្រោយ នៃអាណត្តិ​អតីតប្រធានាធិបតី​លោក បារ៉ាក់ អូបាម៉ា ម៉្លេះ៕