(ប៉េកាំង)៖ ទាំងមានសម្រស់​ស្រស់ស្អាត បូកថែមប្រជាប្រិយភាព និងជាស្ត្រីដែលប្រកបដោយឆន្ទៈយ៉ាង មុះមុត​ក្នុងការប្រយុទ្ធជាមួយនឹង​ជំងឺអេដស៍ ជំទាវទី១​​នៃ​​ប្រទេស​​ចិន​​លោក​ស្រី ពេង លីយ័ន ជាអាវុធការទូត ដ៏មានឥទ្ធិពលបំផុតមួយរបស់ទីក្រុងប៉េកាំង ដែលបាននិងកំពុង​ពង្រីក​អំណាច​បែប​ទន់​ភ្លន់​​របស់​​​​​ចិន​​​នៅ​ជុំវិញ​​​ពិភព​​លោក។ លោកស្រី ពេង ដែលទទួលការការគោរពស្រឡាញ់ជាខ្លាំង ពីសំណាក់ប្រជាពលរដ្ឋចិន​ផ្ទាល់នោះ នឹង​អម​ដំណើរ​​ស្វាមី​គឺប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទៅជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងរដ្ឋផ្លូរីដាសហរដ្ឋ​អាមេរិកនា​សប្តាហ៍​​ក្រោយ​នេះ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។

យ៉ាងណាមិញព័ត៌មានលម្អិត​នៃកម្មវិធីរបស់លោកស្រី ពេង ត្រូវបានរក្សាទុក​យ៉ាងសម្ងាត់ ប៉ុន្តែរូប​លោកស្រី​រួមជាមួយលោក ស៊ី នឹង​ចូល​រួម​​ពិសារ​ភោជនីយអាហារ​ជាមួយលោក ត្រាំ និងលោកស្រី មេឡានា នៅថ្ងៃព្រហស្បតិ៍​សប្តាហ៍ក្រោយ​នេះ (ពេលវេលា​នៅ​​សហរដ្ឋ​អាមេរិក)។ ដោយឡែក​ដោយសារតែ​មានបញ្ហាដ៏ក្តៅ​គគុគជាច្រើន នៅចំពោះមុខ​រួមមានទាំង​កូរ៉េខាងជើង និងការធ្វើ​ពាណិជ្ជកម្មរវាង​ប្រទេស​ទាំង​ពីរ​​នោះ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់​ ត្រាំ បានអះអាងថា​ វានឹងជាជំនួប​ពិភាក្សាដ៏សែន​លំបាកមួយ ខណៈចិនកំពុង​សង្ឃឹម​ថា ​លោក​ស្រី ពេង លីយ័ន អាច​ជួយសម្របសម្រួល​ទំនាក់ទំនង​រវាងមេដឹកនាំ​នៃមហាយក្ស​សេដ្ឋកិច្ច​ របស់ពិភពលោក​ទាំងពីរ​ឲ្យប្រសើរឡើង​វិញ​បាន។

លោក ស្ស៊ី យីនហុង ដែលជា​ប្រធានមជ្ឈមណ្ឌល​សម្រាប់ការសិក្សាអាមេរិក​នៅសាកលវិទ្យាល័យ Renmin នៃទីក្រុង​ប៉េកាំង បានលើក​​ឡើងថា «បើសិនជា​ជំទាវទី១នៃភាគីទាំងសង​ខាងជួបសំណេះសំណាល​គ្នា ហើយបរិយាកាស​នៃជំនួបនោះមាន​ភាពល្អប្រសើរ យ៉ាងហោចណាស់​វាក៏នឹងជួយលើក​ស្ទួយនូវបរិកាស​ទាំងស្រុង នៃកិច្ចជួប​ពិភាក្សា​ការងាររវាង​មេដឹកនាំ​នៃប្រទេសទាំងពីរ​បានខ្លះៗដែរ»

គួរបញ្ជាក់ថា​លោកស្រី ពេង លីយ័ន ដែលជាជំទាវទី១​ដ៏មានឥទ្ធិពល​ជាងគេបង្អស់​របស់ប្រទេសចិន បន្ទាប់ពីភរិយា​អតីតមេដឹកនាំ​ចិនលោក ម៉ៅ សេទុង គឺលោកស្រី ជាង ឈីង បានចាប់ផ្តើម​លេចធ្លោនៅ​លើឆាក​អន្តរជាតិ នៅពេលលោក ស៊ី ជីនពីង បានទៅបំពេញ​​ទស្សនកិច្ច​​នៅ​ឯប្រទេសរុស្ស៊ី​កាលពី​ខែមីនា ឆ្នាំ២០១៣ ជាលើកដំបូង​ក្នុងនាមជា​ប្រធានាធិបតីចិន។ ចាប់តាំងពី​ពេលនោះ​មកលោកស្រី ពេង ថែម​ទាំង​​បានដាក់ឈ្មោះ​ឲ្យសត្វខ្លា​ឃ្មុំ Panda រួមគ្នាជា​មួយអតីត​ជំទាវទី១អាមេរិក​លោកស្រី មីឈែល អូបាម៉ា ទៀតផង និងបានចង​​ចំណង​​មិត្ត​ភាព​​​ជាមួយកុមារ​កំព្រាបណ្តាប្រទេស​ជាច្រើនរួមមាន​ហ្ស៊ីមបាបវេ ក៏ដូចជាក្មេងៗ​ទុរគតនៅក្នុងប្រទេស​កូស្តារីកា។

សូមជំរាបថា​នៅក្នុងរយៈពេល​ជាច្រើនឆ្នាំចុង​ក្រោយនេះ លោកស្រី ពេង លីយ័ន បានខិតខំ​ជួយគាំទ្រ​និងទំនុកបំរុង​ដល់ជនទាំងឡាយ ដែល​មាន​​ផ្ទុក​​ជំងឺអេដស៍​និងរបេង​ជាដើម ហើយលោកស្រី​ថែមទាំងត្រូវ​បានអន្តរជាតិ​ទទួលស្គាល់ តាមរយៈការ​ប្រគល់​ពាន​រង្វាន់នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​កាលពី​ខែមករាកន្លង​ទៅនេះ សម្រាប់​ការដើរតួនាទីយ៉ាងសំខាន់​របស់លោកស្រី​ នៅក្នុង​ការប្រយុទ្ធប្រឆាំង​​ជា​មួយ​​ស្លាកស្នាម​​ដ៏​​ឈឺ​​ចាប់​របស់អ្នកផ្ទុក​និងអ្នកមានជំងឺអេដស៍​ថែមទៀតផង៕