(បាងកក)៖ អតីតនាយករដ្ឋមន្រ្តីថៃដែលត្រូវបានទម្លាក់ចេញពីអំណាច និងកំពុងរស់នៅតាមបែបនិរទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅថ្ងៃសុក្របានចោទប្រកាន់រដ្ឋា​​ភិបាលយោធាថា បានតោងធ្វើបាប និងរុកគួនរូបលោកជានិច្ចជុំវិញរឿងប្រាក់បំណុល ហើយបងប្រុសលោកស្រី យីងឡាក់ រូបនេះថែមទាំងបាន​និយាយថាទៀតថា សូមរដ្ឋាភិបាលកុំអូសរូបលោកទៅពាក់ព័ន្ធនឹងផែនការផ្សះផ្សាជាតិរបស់រដ្ឋាភិបាលថ្មី ឲ្យសោះ។ នេះបើ​តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បាននិងកំពុងរស់នៅតាមបែបនិរទេស​ខ្លួនចាប់តាំងពី ត្រូវបានកម្លាំង​យោធាថៃធ្វើ​រដ្ឋប្រហារទម្លាក់​ចេញពី​អំណាចកាលពី​ឆ្នាំ២០០៦ ប៉ុន្តែចលនា​ប្រជានិយម​របស់លោក នៅតែបន្តស្ថិតចំ​កណ្តាលបេះដូង​នៃការបែកចែក​នយោបាយ​ នៅក្នុង​ប្រទេសថៃ​ដដែល។ ម៉្យាងវិញទៀត​កងទ័ពថៃ​ក៏បានធ្វើរដ្ឋប្រហារ​ជាថ្មីម្តងទៀត ដើម្បីដណ្តើម​អំណាច​ចេញពីកណ្តាប់ដៃ​រដ្ឋាភិបាល​​លោក​ស្រី យីងឡាក់ ដែលត្រូវជាប្អូនស្រីបង្កើត​របស់លោកថែមទៀត​ ដោយសម្អាង​លើកហេតុផលថា ដើម្បីបញ្ចប់​បញ្ហានយោបាយ​ដ៏​រ៉ាំរ៉ៃ។

ការធ្វើអត្ថាធិប្បាយជាសាធារណៈដ៏កម្រ​ខាងលើ​ របស់អតីតនាយករដ្ឋមន្រ្តីថៃ​ត្រូវបាន​ធ្វើឡើង​តាមរយៈបណ្តាញទំនាក់ទំនង​សង្គម​ នៅ​ប៉ុន្មានថ្ងៃ​បន្ទាប់ពីនាយកដ្ឋាន​ប្រាក់ចំណូលថៃ បានផ្ញើវិក័យប័ត្រ​មួយសន្លឹកពាក់ព័ន្ធនឹង​ការបង់ពន្ធថ្លៃ​១៧ពាន់លានបាត ដែលស្មើនឹង​៥០០​លានដុល្លារ​អាមេរិក ជុំវិញការលក់ភាគហ៊ុន​នៅក្នុងក្រុមហ៊ុន​ទូរគមនាគមន៍​មួយកន្លែង កាលពីជាង១០ឆ្នាំ​មុន​ឯណោះម៉្លេះ ទៅកាន់លោក ថាក់ស៊ីន។ លោក ថាក់ស៊ីន បានគូស​បញ្ជាក់ថា នេះគឺជា​ឧទាហរណ៍ថ្មី​ចុងក្រោយមួយ បង្ហាញពី​រូបលោករួម​ និងក្រុមគ្រួសារបានទទួលរង ​ការស្តីបន្ទោស ការ​ចោទប្រកាន់ និងការរុកគួនធ្វើបាបឥត​ឈប់ឈរឡើយ។

ជាមួយគ្នានេះ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានបន្តថា «សម្រាប់ដំណើរការ​ផ្សះផ្សាជាតិវិញ ខ្ញុំសុំស្នើ​យ៉ាងទទូចដល់គ្រប់ភាគី​ទាំងអស់ឲ្យ​ដករូបខ្ញុំ​ចេញពីបញ្ហានេះទៅ ហើយដោយ​ឡែកអ្នក​ដែលក្តោបក្តាប់​អំណាចនៅក្នុងដៃ មិនគួរប្រើប្រាស់​អភូតហេតុ និងធ្វើអ្វីតាមតែអំពើ​ចិត្ត​ដើម្បី​កម្ចាត់ខ្ញុំ​ចោលឡើយ»។ ជុំវិញបញ្ហានេះ​អ្នកនាំពាក្យរដ្ឋាភិបាល​បានចេញមុខ​បកស្រាយថា លោក ថាក់ស៊ីន ពុំបានរងការរុកគួន​ និង​ធ្វើបាបអ្វីនោះឡើយ ប៉ុន្តែត្រូវបានរំពឹងថា​ដើរតួនាទីនៅក្នុង​ផ្នែកមួយនៃដំណើរ​ការផ្សាះផ្សាជាតិ ដែលនឹង​បង្កើតឡើងនៅមុន​ការបោះឆ្នោត ដែល​អាចប្រព្រឹត្តទៅ​នៅឆ្នាំក្រោយ៕