(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson បានបញ្ជាក់ច្បាស់ៗនៅថ្ងៃសុក្រនេះថា ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន​ប្រឆាំងនឹងប្រទេសរុស្ស៊ី នឹងស្ថិតនៅដដែលដោយគ្មានការប្រែប្រួលនោះឡើយ រហូតទាល់តែរដ្ឋាភិបាលទីក្រុងម៉ូស្គូ យប់ព្រមបក​ត្រឡប់​​ក្រោយ​​នូវ​​ទង្វើ​ដែលបានប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយស្ថានីយ៍ទូរទស្សន៍អាមេរិក CNN នៅយប់ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។

ថ្លែងក្នុងកិច្ចប្រជុំអង្គការ NATO នៅឯទីស្នាក់ការកណ្តាលក្នុងទីក្រុងព្រុចសែលនៃប្រទេសប៊ែលហ្សិក លោក Rex Tillerson បានលើកឡើង​ថា «ការគាំទ្ររបស់សហរដ្ឋអាមេរិកនិងអង្គការ NATO ចំពោះអ៊ុយក្រែនគឺឥតងាករេឡើយ។ ដូចដែលយើងធ្លាប់បាននិយាយហើយនិយាយ​ទៀត ចាប់តាំងតែពីរុស្ស៊ីបានបើកយុទ្ធនាការណ៍ឈ្លានពាន របស់ខ្លួនទៅលើ ប្រទេសអ៊ុយក្រែន សម្ព័ន្ធមិត្ត NATA ប្រកាន់ជំហយ៉ាងរឹងមាំ​គាំ​ទ្រដែនអធិបតេយ្យភាព និងបូរណភាពទឹករបស់អ៊ុយក្រែន។ ហើយដាច់ខាតយើងមិនអាចទទួលយកបានចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់​ប្រទេសរុស្ស៊ីក្នុងការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែននៃទឹកដីអ៊ុយក្រែនឡើយ»

លោករដ្ឋមន្រ្តីការបរទេសអាមេរិកបានបន្ថែមទៀតថា «ទណ្ឌកម្មដែលសហរដ្ឋអាមេរិក បានដាក់ទៅលើរុស្ស៊ីនឹងនៅដដែល រហូតទាល់តែ​​ទីក្រុងម៉ូស្គូដកខ្លួនចេញពីតំបន់គ្រីមៀ»

គួរបញ្ជាក់ថា កាលពីខែមករាកន្លងទៅ លោក Tillerson បានចាត់ទុកការគ្រប់គ្រងកាន់កាន់របស់រុស្ស៊ីទៅលើតំបន់គ្រីមៀថា ជារឿងមិន​ស្រប​ច្បាប់នោះឡើយ ហើយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nikki Haley ក៏បានថ្លែងកាល​ពី​មុនពាក់​ព័ន្ធនឹងបញ្ហានេះម្តងរួចមកហើយ​​ថា​ ទណ្ឌកម្មអាមេរិកប្រឆាំងប្រទេសរុស្ស៊ីនៅតែបន្ត អនុវត្តន៍ ជាធម្មតា ដរាបណាមិនព្រមដកថយពីតំបន់​គ្រីមៀ៕