(ពិភពលោក)៖ រឿងរ៉ាវក៏ដូចជាព្រឹត្តិការណ៍សំខាន់ៗជាច្រើន បានកើតឡើងនៅជុំវិញពិភពលោកនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ ដោយ​ខាង​ក្រោមគឺជាកម្រងរូបភាពនៃព្រឹត្តការណ៍អន្តរជាតិពិសេសៗសម្រាប់ថ្ងៃសុក្រនេះ៖

១៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីតុលាការបាន​សម្រេចចេញដីកាចាប់ខ្លួន។

២៖ ជនជាតិម៉ាឡេស៊ីទាំង០៩នាក់ដែលត្រូវបានកូរ៉េខាងជើងអនុញ្ញាតឲ្យវិលត្រឡប់ទៅមាតុភូមិវិញ បានធ្វើដំណើរទៅដល់អាកាសយាន​ដ្ឋាននៃរដ្ឋធានីគូឡាឡាំពួនៅថ្ងៃសុក្រនេះ បន្ទាប់ពីរដ្ឋាភិបាលនៃភាគីទាំងសងខាងបានធ្វើការចរចារគ្នា ហូតឈានដល់កិច្ចព្រមព្រៀង​ដោយ​សន្តិវិធី។

៣៖ នៅក្រោយការចរចាគ្នារវាងរដ្ឋាភិបាលទីក្រុងគូឡាឡាំពួរនិងទីក្រុងព្យុងយ៉ាង ជនជាតិកូរ៉េខាងជើងចំនួនបីនាក់ ដែល​ជា​ជន​សង្ស័យ​ក្នុង​ករណី​ឃាត​កម្ម​ទៅលើបងប្រុសម្តាយទីទៃរបស់លោក គីម ជុងអ៊ុន ក៏​​ត្រូវបានអនុញ្ញាតឲ្យ​ចាកចេញពីប្រទេសម៉ាឡេស៊ី រួម​ជាមួយ​សាក​សព​លោក គីម ជុងណាំ ដើម្បីទៅកាន់ប្រទេសកំណើតវិញដោយឆ្លងកាត់ទីក្រុងប៉េកាំងផងដែរ។

៤៖ ត្រីឆ្លាមមួយក្បាលមានប្រវែង១.៥ម៉ែត្រ បានបោកបក់ពីសមុទ្រដោយមកតាមទឹកជំនន់ដែលបង្កឡើងដោយព្យុះស៊ីក្លូន Debbie ជាហេតុ​បានបណ្តាលឲ្យអាជ្ញាធរអូស្ត្រាលី ចេញសេចក្ដីព្រមានជាបន្ទាន់ដល់ប្រជាជនរបស់ខ្លួន ដែលរស់នៅក្នុងតំបន់រងគ្រោះដោយសារទឹកជំនន់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវចុះក្នុងទឹកជាដាច់ខាត។

៥៖ ក្រុមហ៊ុន​អវកាស SpaceX របស់សហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ​បានបង្កើត​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្តមួយ បន្ទាប់ពី​បានធ្វើការបង្ហោះ​គ្រាប់រ៉ុក្កែត Flacon 9 ដែលធ្លាប់ប្រើប្រាស់ម្តង​រួចមកហើយនោះ ដើម្បីនាំយកផ្កាយរណប​ទៅកាន់​លំហអាកាសសាជាថ្មី ហើយបាន​វាបាន​ត្រឡប់មក​ឲ្យធ្វើ​ការ​​ចុះ​ចត​នៅលើ Droneship ដែល​ឈរជើង​ក្នុងមហាសមុទ្រអាត្លង់ទិចបាន​ដោយជោគជ័យ។

៦៖ ក្រុមកប៉ាល់នេសាទត្រីបាឡែននៃប្រទេសជប៉ុននៅថ្ងៃសុក្រនេះ បានវិលត្រឡប់មកពីការតាមប្រមាញ់ អស់រយៈពេលជាច្រើនខែ​នៅ​​ឯ​​ទ្វីបអង់តាកទិក ក្រោមស្លាកឈ្មោះនៃការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ជាមួយសត្វត្រីខ្នាតធំនេះមិនតិចជាង​៣០០​ក្បាល​នោះឡើយ ដែលបាននិងកំពុងប្រឈមមុខការរិះគន់យ៉ាងចាស់ដៃពីសំណាក់អន្តរជាតិ។

៧៖ អគ្គលេខាធិការនៃអង្គការ NATO លោក Jens Stoltenberg ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសរបស់ NATO នៅឯទីស្នាក់ការក្នុង​ទីក្រុងព្រុចសែលនៃប្រទេសប៊ែលហ្សិក៕