(ឡុងដ៏)៖ គេហទំព័រ WikiLeaks នៅថ្ងៃសុក្រនេះ បានចេញផ្សាយឯកសារសម្ងាត់ចុងក្រោយមួយ របស់ទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក CIA ស្ដីពីតាក់ទិច ក្នុងការវាយប្រហារព័ត៌មានវិទ្យាឬ Hack ប្រឆាំងនឹងការធ្វើកោសល្យវិច័យរបស់ក្រុមអ្នកស៊ើបអង្កេតនានានៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Russian Today នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។​

យោងតាមឯកសារសម្ងាត់របស់ WikiLeaks ក្រោមលេខកូដ Vault7 ភាគទី០៣ ដែលមានឈ្មោះថា Marble ទីភ្នាក់ងារ CIA បានប្រើប្រាស់ កម្មវិធីវីរុសម្យ៉ាង ដើម្បីរំខានដល់ការធ្វើកោលសល្យវិច័យរបស់ក្រុមអ្នកស៊ើបអង្កេត ពោលគឺដើម្បីកែប្រែលទ្ធផលនៃការស៊ើបអង្កេត ឬក៏ធ្វើឱ្យពួកគេធ្វើការសន្និដ្ឋានខុសជាដើម។ ជាងនេះទៅទៀត Wikileak​s ក៏បានកត់សម្គាល់ដែរថា បចេ្ចកទេសដែល CIA ប្រើប្រាស់នេះ គឺមានភាពដូចគ្នាទៅនឹងបច្ចេកទេសដែល CIA ​ផ្ទាល់បានប្រើវា ក្នុងការបិទបាំងលេខកូដអក្សរជាភាសាអង់គ្លេស នៅលើប្រព័ន្ធអាវុធផលិត នៅសហរដ្ឋអាមេរិក មុននឹងបញ្ជូនទៅឱ្យក្រុមឧទ្ទាម។

គួរបញ្ជាក់ថា Wikileak​s ក៏ធ្លាប់បានចេញផ្សាយផងដែរ ពីសមត្ថភាព Hack ស្នាមម្រាមដៃរបស់ CIA ហើយតាមយៈឯកសារសម្ងាត់ ឈ្មោះថា Marble វាអាច នឹងអនុញ្ញាតឱ្យគេបញ្ជាក់ពីកម្មវិធីវីរុសរាប់ពាន់ដែល CIA ប្រើប្រាស់ក្នុងសកម្មភាព Hack៕