(តូក្យូ)៖ ក្រុមកប៉ាល់នេសាទត្រីបាឡែននៃប្រទេសជប៉ុននៅថ្ងៃសុក្រនេះ បានវិលត្រឡប់មកពីការតាមប្រមាញ់ អស់រយៈពេលជាច្រើនខែ​នៅ​​ឯ​​ទ្វីបអង់តាកទិក ក្រោមស្លាកឈ្មោះនៃការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ជាមួយសត្វត្រីខ្នាតធំនេះមិនតិចជាង​៣០០​ក្បាល​នោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ​ ទី៣១ ខែមីនា ឆ្នាំ២០១៧។

តុលាការយុត្តិធម៌​អន្តជាតិ​បានចេញសេចក្តីសម្រេច​កាលពីឆ្នាំ២០១៤ថា ជប៉ុនគួរតែបញ្ឈប់​ការនេសាទ​ត្រីបាឡែន​ នៅទ្វីប​អង់តាកទិច​ ហើយប្រទេស​នៅតំបន់អាស៊ី​ខាងកើតនេះ ក៏បានផ្អាកការប្រមាញ់​តាមរដូវកាល ដើម្បីធ្វើកំណែទម្រង់លើកម្មវិធី​នេសាទត្រី​បាឡែន​របស់ខ្លួន រួមមានទាំង​ការចេញ​វិធានការ​មួយចំនួន ដូចជាការកាត់​បន្ថយចំនួន​ត្រីបាឡែន និងពូជត្រីបាឡែន​ដែលត្រូវនេសាទ។ ជប៉ុនបានបន្តការ​នេសាទ​​ត្រីបាឡែន​វិញ នៅរដូវកាល​ឆ្នាំ២០១៥-២០១៦។ ម៉្យាងវិញទៀត​ជប៉ុនមានគំរោងថា​ នឹងប្រមាញ់​ត្រីបាឡែន​ឲ្យបានជិត ៤,០០០​ក្បាល​នៅ​អំឡុងពេល​១២ឆ្នាំក្រោយ ក្នុងកម្មវិធីស្រាវជ្រាវ​របស់ខ្លួន។

គួរបញ្ជាក់ថា ​ជប៉ុនមិនដែលយកចិត្តទុកដាក់​ ក៏ដូចជាខ្វល់ខ្វាយ​នោះឡើយអំពីការប្រឆាំង​ជំទាស់ជាដដែលៗ​ពីអន្តរជាតិ​រួមមានទាំង​សហ​រដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្ត​ដ៏សំខាន់​ទៀតផង។ កាលពីខែមករា​កន្លងទៅ អូស្រ្តាលី​បានឲ្យដឹងថា​ ខ្លួនមានការ​ខកចិត្តជាខ្លាំង ដែលជប៉ុន​បានសម្រេច​បន្តការប្រមាញ់​ត្រីបាឡែន​របស់ខ្លួនវិញ តែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​ក្រោយនាយករដ្ឋមន្រ្តី​អូស្រ្តាលីលោក Malcolm Turnbull បាន​​ជជែកពិភាក្សា​អំពីបញ្ហានេះ​ជាមួយនាយករដ្ឋមន្រ្តី​ជប៉ុនលោក ស៊ីនហ្សូ អាបេ។ គួររំលឹកថា សាច់ត្រីសមុទ្រ គឺជាអាហារប្រពៃណីនៃជនជាតិជប៉ុនរាប់ពាន់ឆ្នាំមកហើយ ដែលវាពិបាក​ខ្លាំងណាស់ក្នុងការ​លុបបំបាត់៕