(គូឡាឡាំពួ)៖​ ជនជាតិកូរ៉េខាងជើង០៣នាក់ដែលអាជ្ញាធរម៉ាឡេស៊ីកំពុងស្វែងរកដើម្បីសួរចម្លើយ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោក គីម ជុងណាំ ត្រូវបានគេជឿជាក់ថា បានចាកចេញពីទីក្រុង គូឡាឡាំពួ ជាមួយសាកសពបងប្រុសម្ដាយទីទៃរបស់លោក គីម ជុងអ៊ុន តាមជើងហោះហើរមួយ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង បន្ទាប់ពីរដ្ឋាភិបាលម៉ាឡេស៊ីបានយល់ព្រមប្រគល់សពលោក គីម ជុងណាំ ឱ្យទីក្រុងព្យុងយ៉ាង ជាថ្នូរនឹងការដោះលែងជនជាតិម៉ាឡេស៊ី០៩នាក់នោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។

យោងតាមរូបភាព​ជាច្រើនសន្លឹក​ដែលទីភ្នាក់ងារ​សារព័ត៌មាន Reuters ទទួលបាន លោក Hyon Kwang Song ជាលេខាធិការ​ទី២ នៃស្ថានទូត​កូរ៉េខាងជើង​ប្រចំាទីក្រុង​គូឡាឡំាពួ និងបុគ្គលិក​ក្រុមហ៊ុនអាកាស​ចរណ៍​​កូរ៉េខាងជើង Air Koryo លោក Kim Uk Il បាននាំយក​សពលោក គីម ជុងណាំ ចាកចេញពី​ម៉ាឡេស៊ី​តាមជើងហោះ​លេខ ៣៦០ នៃក្រុមហ៊ុន Malaysia Airlines ឆ្ពោះទៅកាន់​ទីក្រុងប៉េកាំង​កាលពីល្ងាច​ថ្ងៃព្រហស្បតិ៍ ប៉ុន្តែព័ត៌មាន​នេះពុំទាន់ត្រូវបាន​ខាង​អាជ្ញាធរម៉ាឡេស៊ី​​ទទួលស្គាល់ជាផ្លូវការ​​នៅឡើយទេ។

លោក គីម ជុងណាំ ត្រូវបានឃាតកស្រីពីរនាក់សម្លាប់ដោយប្រើសារធាតុគីមីពុល VX នៅឯ អាកាសយានដ្ឋានទីក្រុងគូឡាឡាំពួកាលពីថ្ងៃទី១៣ ខែកុម្ភៈ ហើយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា របបដឹកនាំលោក គីម ជុងអ៊ុន ជាអ្នកបញ្ជាឱ្យគេសម្លាប់លោក គីម ជុងណាំ។

គួរបញ្ជាក់ថាបើតាមទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ សពលោក គីម ជុងណាំ រួមទំាងលោក Hyon Kwang Song លោក Kim Uk Il និងជនសង្ស័យកូរ៉េខាងជើងម្នាក់ទៀត​ឈ្មោះ Ri Ji U ទំនងជា​អាចនឹងធ្វើដំណើរ​តាមជើងហោះហើរ​កូរ៉េខាងជើង Air Koryo ពីទីក្រុងប៉េកាំង ទៅកាន់​ទីក្រុង​ព្យុងយ៉ាង នៅព្រឹកថ្ងៃសៅរ៍​សប្ដាហ៍នេះ៕