(យូអិន)៖ អាទិភាពរបស់ទីក្រុងវ៉ាស៊ីនតោន​នៅក្នុងប្រទេសស៊ីរី ត្រូវបានផ្លាស់ប្តូរនៅក្រោមរដ្ឋបាលដឹកនាំថ្មី ហើយសហរដ្ឋអាមេរិកនឹងមិន​នៅបន្តផ្តោតសំខាន់ លើការទម្លាក់ប្រធានាធិបតីស៊ិរីលោក Bashar Assad ថាជាលក្ខខណ្ឌចាំបាច់សម្រាប់ការបញ្ចប់សង្រ្គាមស៊ីវិល​ដ៏រ៉ាំរ៉ៃ​រយៈពេល០៦ឆ្នាំ នៅក្នុងប្រទេសតំបន់ មជ្ឈិមបូព៌ានេះទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុន​នេះ​បន្តិចនាព្រឹកថ្ងៃសុក្រ​ ទី៣១ ខែមីនា ឆ្នាំ២០១៧។

ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំនៅអង្គការ​សហប្រជាជាតិ​លោកស្រី Nikki Haley បានថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មាន​នៅថ្ងៃសុក្រ​នេះថា «គោល​ដៅអាទិភាពរបស់យើង លែងជាការអង្គុយសំកុក​ចាំផ្តោតសំខាន់​លើការទម្លាក់​លោក Assad តទៀតហើយ។ អាទិភាពចម្បងថ្មី​របស់យើង​​​ គឺស្វែងរក​មធ្យោបាយ​ដ៏សាកសម​ដើម្បីដោះស្រាយ​បញ្ហា និងស្វែងរកដៃ​គូសហការ​ដែលអាចរួមសាមគ្គីគ្នា​ក្នុងការផ្តល់ជីវិត​រស់នៅថ្មីដ៏​ស្រស់​បំព្រងដល់ប្រជាពលរដ្ឋ​នៅប្រទេសស៊ីរី។

គួរបញ្ជាក់ថា​ចាប់តាំងពី​ឆ្នាំ២០១១មក នៅពេល​ដែលជម្លោះក្នុង​ប្រទេស៊ីរី​បានផ្ទុះឡើង រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោនក្រោមការដឹក​នាំ​​របស់រដ្ឋបាល​អតីតប្រធានាធិបតី​លោក បារ៉ាក់ អូបាម៉ា បានទទូចមិនដាច់​ពីមាត់ថា «លោក Assad ត្រូវតែចុះចេញ​ពីតំណែង» ដែលជាដំណោះស្រាយ​អាចទទួល​យកបានតែមួយគត់​សម្រាប់សន្តិភាព​នៅក្នុងប្រទេស​មួយនេះ៕