(កង់ប៊េរ៉ា)៖ ក្រុមអ្នកតារាវិទូមក​ពីសាកលវិទ្យាល័យជាតិ​អូស្រ្តាលី (ANU) នៅក្នុងទីក្រុងកង់ប៊េរ៉ា កំពុងធ្វើការស៊ើបអង្កេត​ទៅលើវត្ថុអាថ៌កំបាំង​​ចំនួនបួន ដែលអាចជា «ភពទី៩ ឬ Planet X» នៃប្រព័ន្ធ ព្រះអាទិត្យរបស់យើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុនបន្តិច​នាព្រឹក​ថ្ងៃសុក្រ​ ទី៣១ ខែមីនា ឆ្នាំ២០១៧។

នាដើមសប្តាហ៍នេះ​សាកលវិទ្យាល័យ ANU បានអំពាវនាវ​ឲ្យប្រិយមិត្ត​អ្នកស្រឡាញ់ចូលចិត្ត​វិស័យតារាសាស្រ្ត​ទាំងអស់ ជួយក្រុម​អ្នកស្រាវ​ជ្រាវធ្វើការពិនិត្យ​តាមដានរូបភាព​នៃផ្ទៃមេឃនា​ពេលយប់រាប់ពាន់​សន្លឹក ដោយសង្ឃឹមថា​ពួកគេប្រហែលជា​អាចរកឃើញ «ភពទី៩»។ នៅ​ថ្ងៃ​សុក្រនេះ អ្នកស្រាវជ្រាវ​ដ៏ល្បីប្រចាំ​សាកលវិទ្យាល័យ ANU លោក​បណ្ឌិត Brad Tucker បានឲ្យដឹងថា​ មនុស្សប្រហែលជា​៦០,០០០នាក់​​ មកពីបណ្តាប្រទេស​ជុំវិញពិភពលោក បានកត់សម្គាល់​ឃើញវត្ថុជាងបួនលាន​ក្នុងលំហអាកាស នៅក្នុងយុទ្ធនាការ​តាមស្វែង​រកភពទី៩។

គួរបញ្ជាក់ថាយោងតាមលោក Tucker មកទល់ពេលនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញវត្ថុអាថ៌កំបាំង​ចំនួនបួន ដែលគួរឲ្យចាប់អារម្មណ៍​និង​មានលទ្ធភាពអាចជា​ភពទី៩ ខណៈដែលការតាមដានភាពលម្អិត នៃវត្ថុទាំងនោះកំពុងតែត្រូវគេតាមដាន និងស្វែងរកភាពពិសេសដែលអាចធ្វើការកត់សម្គាល់ថា ពួកវាជាអ្វីឲ្យប្រាកដ។ ចាប់តាំងពីការដកភពភ្លុយតូ​ចេញពីបញ្ជីភពមក ភពនៅក្នុងប្រព័ន្ធព្រះអាទិត្យយើង​នេះជាផ្លូវការមានតែចំនួន០៨ប៉ុណ្ណោះ ដែលចាប់ពីភពពុធដ៏តូចជាងគេរហូតដល់ភពព្រហស្បតិ៍ទំហំយក្ស៕