(ស៊ីដនី)៖ អាជ្ញាធរអូស្ត្រាលីនៅថ្ងៃសុក្រនេះ បានចេញសេចក្ដីព្រមានដល់ប្រជាជនរបស់ខ្លួន ដែលរស់នៅក្នុងតំបន់រងគ្រោះដោយសារទឹកជំនន់ បង្កឡើងដោយខ្យល់ព្យុះ Cyclone Debbie ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវចុះក្នុងទឹកជាដាច់ខាតបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ត្រីឆ្លាមមួយក្បាលមានប្រវែង ១.៥ម៉ែត្រ បានបោកបក់ពីសមុទ្រដោយមកតាមទឹកជំនន់។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនសិនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។

ប្រជាជនរស់នៅ​ភាគខាងជើងក្នុងទីក្រុង Burdekin នៃរដ្ឋ Queensland បានប្រទះឃើញ​ត្រីឆ្លាមមួយក្បាល នៅលើផ្លូវដែលជន់លិច​ដោយទឹកជំនន់។ ព្រមពេលជាមួយគ្នា​ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ និងសង្រ្គោះបន្ទាន់ ក៏បានចេញសេចក្ដីព្រមានផងដែរដល់ប្រជាជន មិនត្រូវចុះក្នុងទឹកជំនន់ជាដាច់ខាត ខណៈកម្ទេចកម្ទីរ និងសម្ភារៈ​ដែលរប៉ាត់រប៉ាយអណ្តែត​នៅលើទឹក អាចធ្វើឱ្យពួកគេមិនអាច​មើលឃើញត្រីឆ្លាម។

គួរបញ្ជាក់ថាការជម្លៀស​ប្រជាជននៅក្នុង​តំបន់ភាគខាងត្បូងរដ្ឋ Queensland និង Northern New South Wales ទៅកាន់ទីកន្លែង​មានសុវត្ថិភាព នៅតែបន្តធ្វើឡើងស្របពេល​ស្ថានភាព​នៅក្នុងតំបន់​មិនទាន់ល្អប្រសើរ​ឡើងវិញ​នៅឡើយទេ៕