(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកស៊ើបការណ៍សម្ងាត់របស់ទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីៗនេះបានឲ្យដឹងថា ប្រមុខដឹកនាំកំពូលនៃប្រទេស​កូរ៉េខាងជើងលោក គីម ជុងអ៊ុន មានសមត្ថភាពបើកការវាយប្រហារដោយ អាវុធនុយក្លេអ៊ែរ ដែលអាចបោសសម្អាតចំនួនប្រជាជនអាមេរិក​បានដល់ទៅ ៩០ភាគរយ ពោលគឺ​ជិតអស់​ពីសហរដ្ឋអាមេរិកតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអង់គ្លេស Express នៅ​មុន​នេះ​​បន្តិច​នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។

លោក James Woolsey អតីតនាយក​ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់ CIA និងលោកបណ្ឌិត Peter Pry ប្រធានគណកម្មាធិការ​សន្តិសុខជាតិ​នៃ​សភាអាមេរិក បានចេញសារព្រមាន​ដ៏ធ្ងន់មួយដែលថា មិនគួរមើលស្រាលលើប្រទេស​កូរ៉េខាងជើង​មិននោះឡើយ។ លោក Woolsey និង លោក Pry បានថ្លែងដូច្នេះថា «ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមន្រ្តីរដ្ឋាភិបាល​មួយចំនួននៅតែបន្តអះអាងថា​ កូរ៉េខាងជើង​ពុំទាន់មាន​សមត្ថ​ភាព​គ្រប់គ្រាន់ ដើម្បីអនុវត្តន៍​នូវការគំរាមកំហែង​ជាដដែលៗ​របស់ខ្លួនក្នុងការ​វាយប្រហារ​សហរដ្ឋអាមេរិកជាមួយអាវុធនុយក្លេអ៊ែរ​នៅ​ឡើយទេ»

អ្នកជំនាញ​ទាំងពីរ​រូបនេះបាន​បន្ថែមថា «ការធានាអះអាង​មិនពិតប្រាកដ ត្រូវបានផ្តល់​ទៅឲ្យប្រជាជន​អាមេរិក ថា​កូរ៉េ​ខាង​ជើង​​ពុំ​​​ទាន់​បាន​បង្ហាញ​ឲ្យឃើញថា​ ខ្លួនមានសមត្ថភាព​ក្នុងការផលិត​គ្រាប់នុយក្លេអ៊ែរ ដែលមាន​ទំហំតូចល្អម​សម្រាប់បំពាក់​លើមីស៊ីល ឬមួយក៏បង្កើត​ក្បាល​សម្រាប់​មីស៊ីលផ្លោង​អន្តរទ្វីប (ICBM) ដែលអាច​ទម្លាយចូលបរិយាកាស​ដើម្បីវាយប្រហារ​ ទីក្រុងរបស់អាមេរិកនៅឡើយនោះទេ»

លោក Woolsey និងលោក Pry បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទីក្រុង​ព្យុងយ៉ាង​អាចទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ដ៏មានអនុភាព​ប្រភេទ «អាតូមិក» និង «អ៊ីដ្រូសែន» ដែលមាន​សមត្ថភាពឆក់យក​ជីវិតប្រជាជន​អាមេរិករាប់លាន​នាក់បាន។

គួរបញ្ជាក់ថា​​កាលពីសប្តាហ៍មុន​យោធា​កូរ៉េខាងជើង​​បានព្រមាន​ខ្លាំងៗថា នឹងកម្ទេច​សហរដ្ឋអាមេរិក​ឲ្យក្លាយទៅ​ជាផេះជាមួយ​គ្រាប់​​មីស៊ីល Hwasong ដែលមាន​សមត្ថភាព​​បំពាក់ក្បាល​គ្រាប់​​នុយក្លេអ៊ែរ ហើយនឹង​ប្តេជ្ញា​ការពារ​សន្តិសុខ​​ ក៏ដូចជា​សេចក្តីសុខ​​នៃប្រជាជន​របស់ខ្លួន​​យ៉ាងមុះមុត នៅក្នុងករណី​ដែលកងទ័ព​​អាមេរិក​ និងអាយ៉ង​​កូរ៉េខាងត្បូង​ហ៊ាន​បាញ់​​សូម្បី​តែ​គ្រាប់​កាំភ្លើង​មួយគ្រាប់ចូល​​មក​ក្នុង​ទឹក​ដី​​របស់ប្រទេស​​កូរ៉េខាងជើង៕