(ព្យុងយ៉ាង)៖ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបញ្ជាក់ច្បាស់ៗថា ខ្លួននឹងចាត់ទុកសហរដ្ឋអាមេរិកថា ជាអ្នកខុសទាំង​​ស្រុង​ ប្រសិន​​បើ​ភ្លើងសង្រ្គាមឆាបឆេះឡើងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការដកស្រង់ ការផ្សាយចេញទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។

ថ្លែងក្នុងកិច្ចប្រជុំ​មួយប្រមូលផ្តុំ​ដោយមន្រ្តីទូត និងអ្នកកាសែត​បរទេសប្រចាំ​នៅរដ្ឋធានី​ព្យុងយ៉ាង អនុរដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងជើង​លោក Sin Hong Chol បានលើកឡើងថា​ ឧបទ្វីបកូរ៉េ​កំពុងតែស្ថិត​នៅលើមាត់ជ្រោះ​នៃភ្លើងសង្រ្គាម ខណៈដែលសមយុទ្ធយោធា​រួមទ្រង់ទ្រាយ​ធំរវាង​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែបន្តប្រព្រឹត្ត​ទៅដោយមាន​ទាំងការហ្វឹកហាត់ដ៏ពិសេសរចនាឡើង ដើម្បីកម្ទេចមូលដ្ឋាន​មីស៊ីល និង​អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏ដូចជា​ធ្វើ​ឃាត​ប្រមុខ​ដឹក​នាំ​កំពូលលោក គីម ជុងអ៊ុន ថែមទៀតផង។

លោក Chol បានបន្ថែមដូច្នេះថា​ «នៅក្នុងករណី​ដែលសង្រ្គាមផ្ទុះឡើង​នៅឧបទ្វីបកូរ៉េ សហរដ្ឋអាមេរិក​នឹងក្លាយជាអ្នកទទួលកំហុស​ទាំងស្រុង ទោះបីជាភាគី​ខាងណា​ជា​អ្នក​​បើក​ការវាយប្រហារ​មុនក៏ដោយ»។

គួរបញ្ជាក់ថា​កាលពីសប្តាហ៍មុន​យោធា​កូរ៉េខាងជើង បានព្រមានខ្លាំងៗ​ថា​ នឹងកម្ទេចសហរដ្ឋអាមេរិក​ឲ្យក្លាយទៅផេះ ហើយ​នឹង​បើក​​ការ​វាយ​ប្រហារ​​ដោយអា​វុធ​នុយ​ក្លេ​អ៊ែរ​​ដោយ​មិន​ប្រាប់​មុន​នោះឡើយ៕​