(បាងកក)៖ រដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwon បានទាត់ចោលរាល់ការរិះគន់ ទំាងអម្បាលន្មាន ពាក់ព័ន្ធនឹងគំរោងទិញនាវាមុជទឹក០៣គ្រឿងមានតម្លៃជាង ៣៦ពាន់លានបាត (ជាង១ពាន់លានដុល្លារអាមេរិក) របស់រដ្ឋាភិបាលយោធាលោក ប្រាយុទ្ធ ចាន់អូចា ពីរដ្ឋាភិបាលទីក្រុងប៉េកាំង ហើយថាដំណើរការទិញនាវាមុជទឹកនេះកំពុងដំណើរការប្រកបដោយតម្លាភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។

យោងតាមលោក​ Prawit គំរោងទិញ​នាវាមុជទឹក​ពីចិន កំពុងដំណើរការ​ជាមួយតម្លាភាព ស្របពេលក្រសួង​ការពារជាតិ​កំពុងត្រួតពិនិត្យ​ឡើងវិញនូវ​រាល់ព័ត៌មានលម្អិត​ នៅក្នុងកិច្ចសន្យាចុះហត្ថលេខា​ដោយ​រដ្ឋាភិបាលថៃ និងរដ្ឋាភិបាលចិន​ហើយនៅពេល​ការត្រួតពិនិត្យ​បញ្ចប់ នោះកិច្ចសន្យានេះ នឹងត្រូវដាក់ជូន​ខុទ្ទការល័យ​ដើម្បីសម្រេច​ចិត្ត​ចុងក្រោយ។ គំរោងទិញ​នាវាពីចិន​ដែលនឹងត្រូវដាក់​ឱ្យឈរជើង​នៅឈូងសមុទ្រថៃ និងសមុទ្រ Andaman បានទទួលរង​ការរិះគន់យ៉ាង​ខ្លាំង ជាពិសេសទាក់​ទិននឹងតម្លៃ តម្លាភាព និងភាពចាំបាច់​ដល់កម្រិតណា ទើបរដ្ឋាភិបាល​ថៃ ត្រូវតែទិញនាវា​មុជទឹកទាំងនេះ។ ទោះបីយ៉ាងណាក៏ដោយ លោក Prawit បានបញ្ជាក់ថា គំរោងទិញ​នាវាមុជទឹកចិនពិតជាចាំបាច់ ត្បិតការ​គំរាមកំហែងទឹកដី​កំពុងរីក​កាន់តែធំ។

គួរបញ្ជាក់ថាក្នុងរយៈពេល​៦០ឆ្នាំមកនេះ ថៃមិនដែលទិញ​នាវាមុជទឹកថ្មី​ឡើយ។ ជាក់ស្ដែង​កាលពី២០១១ កន្លងទៅ​អតីតរដ្ឋាភិបាលទីក្រុង​បាងកក ក៏ចង់​ទិញនាវាមុជទឹក​ជជុះ០៦គ្រឿង​ពីអាល្លឺម៉ង់មាន​តម្លៃជាង ៧.៧ពាន់លានបាត​ផងដែរ ក៏ប៉ុន្តែគំរោងនេះ​ត្រូវបានលុបចោលទៅវិញ ដោយ​អតីតរដ្ឋាភិបាលរបស់នាយករដ្ឋ​មន្ត្រីថៃ លោកស្រី Yingluck Shinawatra៕