(អាមេរិក)៖ នាពេលថ្មីៗនេះ​ទីភ្នាក់ងារអវកាស NASA ទើបតែបាន​បញ្ចេញកម្រងរូបភាពថ្មី​ ដែលបង្ហាញពីលំហអាកាស​ដ៏ធំល្វឹងល្វើយ ហើយ​ដោយសារតែ​នៅក្នុងនោះមាន​ផ្ទាំងរូបភាពដល់​ទៅ ១៤០,០០០សន្លឹក យើងបាន​សម្រេចធ្វើការ​ដកស្រង់រូបភាព​ ដ៏ពេញនិយមជាង​គេតែ​ចំនួន​ ​០៨សន្លឹក​ប៉ុណ្ណោះ មកបង្ហាញឲ្យ​ប្រិយមិត្តទាំងអស់គ្នា​បានទស្សនាក៏​ដូចជាបានជ្រាប។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន NBC News នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។

១៖ (Above) ភពផែនដីរះឡើងនៅលើជើងមេឃនៃឋានព្រះចន្ទនៅក្នុងរូបភាព ដែលត្រូវបានផ្តិតយកនៅក្នុងអំឡុងបេសកកម្ម Apollo 11 កាល​ពី​​ឆ្នាំ​១៩៦៩។

២៖ (Ocean of Stars) នៅក្នុងរូបភាពនេះដែលថតដោយកែវយឺតអវកាស Hubble ក្រុមផ្កាយ Omega Nebula មើលទៅប្រៀបហាក់បីដូចជា​ផ្ទៃសមុទ្រដ៏ធំមហិមាមួយ។

៣៖ (Touching the Sun) អវកាសយានិករបស់ NASA លោកស្រី Sunita Williams កំពុងធ្វើកាយវិការឈោងចាប់ព្រះអាទិត្យ នៅអំឡុង​​ការ​ដើរក្នុងលំហអាកាសរយៈពេល០៦ម៉ោង នៅខាងក្រៅស្ថានីយ៍អវកាសអន្តរជាតិ ISS កាលពីឆ្នាំ២០១២។

៤៖ (Southern Lights) ពន្លឺអូរ៉ូរ៉ា ឬពន្លឺ០៧ពណ៌នៅអឌ្ឍគោលខាងត្បូង កំពុងបញ្ចេញរស្មីចែងចាំងនៅពីលើផ្ទៃសមុទ្រ Tasman ស្ថិត​នៅក្បែរ​តំបន់ភាគខាងត្បូងនៃប្រទេសនូវែលសេឡង់នៅក្នុងរូបភាព ដែលត្រូវបានផ្តិតយកពីស្ថានីយ៍អវកាសអន្តរជាតិ ISS កាលពីឆ្នាំ២០១១។

៥៖ (Staring at the Sun) តំបន់សកម្មៗនៃព្រះអាទិត្យត្រូវបានគូសចំណាំនៅក្នុងរូបភាព ដែលបានមកពីការរួមបញ្ចូលនៃទិន្នន័យ​ឃ្លាំមើល​នា​នា ​​របស់​កែវ​យឺត​ជាច្រើនកាលពីឆ្នាំ២០១៥។

៦៖ (End of an Era) យានអវកាស Atlantis កំពុងត្រូវបានបាញ់ចេញពីទីតាំងបង្ហោះយានអវកាស 39A កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១១ នៅឯមជ្ឈមណ្ឌលអវកាស Kennedy ក្នុងជ្រោយ Canaveral នៃរដ្ឋផ្លូរីដា។ ការបង្ហោះយានអវកាសនេះ ដែលជាការចាប់ផ្តើមបេសកកម្ម​រយៈពេល១២ថ្ងៃទៅកាន់ស្ថានីយ៍អវកាស ISS គឺជាការហោះហើរលើកចុងក្រោយនៃកម្មវិធី Space Shuttle។

៧៖ (First American Spacewalk) អវកាសយានិក Edward White ដែលអ្នកបើកបរយានអវកាស Gemini-Titan 4 បានក្លាយជាអវកាសយា​និកអាមេរិកដំបូងគេបំផុត ដែលបានដើរនៅក្នុងលំហអាកាសកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៦៥។ លោក White បានស្ថិតនៅក្រៅយាន​អវកាសក្នុងរយៈពេល២១នាទី។ នៅក្នុងរូបភាពនេះលោក Edward White កំពុងកាន់ឧបករណ៍សម្រាប់បញ្ជាប្រព័ន្ធរុញច្រាន ដែល​អនុញ្ញាត​ឲ្យ​លោក​​ធ្វើ​ការ​គ្រប់​​ចលនារបស់ខ្លួនលោកផ្ទាល់ ហើយលោក Edward ត្រូវបានភ្ជាប់ជាមួយយានអវកាសរបស់លោក ដោយខ្សែតំណ​ប្រវែងជាង៧ម៉ែត្រ។

៨៖ (Big Moon) ព្រះច័ន្ទដ៏ធំពេញលេញ ឬ Supermoon កំពុងរះឡើងខាងក្រោយវិមានវ៉ាស៊ីនតោនកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១០១៣។ Supermoon កើតមានឡើងនៅពេលដែលព្រះចន្ទពេញវង់ស្ថិតក្នុងរយៈចម្ងាយដ៏កៀកនឹងផែនដីបំផុត នៅអំឡុងការធ្វើដំណើររបស់វាជុំ​វិញ​ភពរបស់យើង។ យោងតាមអង្គការ NASA ពួកវាអាចមានទំហំធំជាង១៤ភាគរយ និងពន្លឺភ្លឺចែងចាំងដល់ទៅជាង៣០ភាគរយ បើធៀបនឹងព្រះច័ន្ទនៅពេលរះ​ពេញវង់ធម្មតា៕