(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងពិចារណាលើការហាមឃាត់រាល់ការនាំចូលប្រេង ទៅកាន់ប្រទេសកូរ៉េខាងជើង ដែល​នេះគឺជាវិធានការដាក់ទោសទណ្ឌថ្មីមួយទៀតប្រឆាំងការធ្វើតេស្ត គ្រាប់នុយក្លេអ៊ែរលើកទី០៦របស់រដ្ឋកុម្មុយនិស្តមួយនេះ ដែលមាន​កម្លាំង​ខ្លាំង​ជាង​មុន​ដល់​ទៅ​១៤​ដង​ ហើយ​អាច​​នឹង​​ប្រព្រឹត្ត​ទៅ​នា​ពេល​ឆាប់ៗខាងមុខ។ នេះបើតាមការសម្តីរបស់ប្រភពការទូត ដែលត្រូវបានដក​ស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។

យោងតាម​ប្រភពខាងលើទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន​កំពុង​ធ្វើការគិតគូរ​ពិចារណាលើការជំរុញ​ឲ្យមានការ​ដាក់បំរាម​ លើការនាំ​ចេញ​ប្រេង​ទៅកាន់កូរ៉េខាងជើង តាមរយៈ​ក្រុមប្រឹក្សាសន្តិសុខ​នៃអង្គការ​សហប្រជាជាតិ នៅក្នុងករណី​ដែលមានការ​បំផ្ទុះ​សាកល្បង​ នៃ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​បន្ថែមទៀតបន្ទាប់ពី​កូរ៉េខាងត្បូង​បានអះអាងថា​ ទីក្រុងព្យុងយ៉ាងកំពុងស្ថិត​ក្នុងដំណាក់​កាលចុងក្រោយ​ នៃ​ការ​ត្រៀម​​ធ្វើ​តេស្តអាវុធនុយក្លេអ៊ែរ​លើកទី០៦​របស់ខ្លួន។

គួរបញ្ជាក់ថាចំណាត់ការនេះ​ស្របទៅតាមអ្វីដែលអ្នក​តំណាងខាង​បញ្ហានុយក្លេអ៊ែរ​ នៃសម្ព័ន្ធមិត្តទាំងពីរ​នេះបានព្រមព្រៀង​គ្នា​កាលពី​សប្តាហ៍មុន​នៅក្នុងរដ្ឋធានី​សេអ៊ូល ក្នុងការដាក់​ទោសទណ្ឌ​ក៏ដូចជាសម្ពាធ​កាន់តែធ្ងន់​បន្ថែមប្រឆាំង នឹងរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង បើសិនណារដ្ឋកុម្មុនិស្តមួយនេះ នៅតែរឹងទទឹងប្រព្រឹត្ត​សកម្មបង្ករឿង​ទ្រង់ទ្រាយធំ​បន្តទៀត។ យ៉ាងណាមិញ​គំរោងនេះ នឹងតម្រូវឲ្យមាន​កិច្ច​សហប្រតិបត្តិការ​ពីប្រទេសចិន​ផងដែរ ដោយសារតែ​ជាអ្នកផ្គត់ផ្គង់​ប្រេងដ៏ធំជាងគេបង្អស់សម្រាប់កូរ៉េខាងជើង៕