(ម៉ានីល)៖ ស្របពេលដែលប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ កំពុង​ព្យាយាមពង្រឹងបន្ថែម នូវចំណងសេដ្ឋកិច្ចជាមួយទីក្រុងប៉េ​កាំងនោះ យោងតាមមន្រ្តីរដ្ឋាភិបាលទីក្រុងម៉ានីល ប្រទេសទាំងពីរ នឹងបើកកិច្ចពិភាក្សាដោយផ្ទាល់ជាមួយគ្នា ស្តីពី​បញ្ហា​វិវាទ​ដែន​សមុទ្រ​នៅ​ខែ​ឧសភា​ខាង​មុខ​។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។

លោក Charles Jose អ្នកនាំពាក្យ​ក្រសួងការបរទេស​ហ្វីលីពីន​បានឲ្យដឹងថា នៅសប្តាហ៍នេះ​ចិនបានស្នើសុំ​ធ្វើជាម្ចាស់ផ្ទះ​ សម្រាប់កិច្ច​ជំនួប​ពិភាក្សា​មួយ​នៅខែឧសភា​ខាងមុខនេះ ស្តីពីយន្តការ​ពិគ្រោះយោបល់​ទ្វេភាគី​ ដើម្បីដោះស្រាយ​បញ្ហានានាទាក់ទងនឹង​ជម្លោះ​ដែនសមុទ្រ​រវាងប្រទេស​ទាំងពីរ។ លោក Jose បានថ្លែងយ៉ាងដូច្នេះថា «នេះគឺជាសំណើ​ដ៏ថ្មីសន្លាង​មួយ ជាយន្តការពិភាក្សា​ទ្វេភាគី​មួយ បង្កើតឡើង​ជា​ពិសេស​លើបញ្ហាសមុទ្រ​ចិនខាងត្បូង»។

គួរបញ្ជាក់ថា​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលកំពុងស្ថិត​ក្នុងវ័យ​ ៧២ឆ្នាំ ធ្លាប់បាននិយាយថា​ រូបលោក​មិនចង់ធ្វើ​សង្រ្គាមជាមួយ​រដ្ឋាភិបាល​ទីក្រុង​​ប៉េកាំង​ដោយសារតែ​បញ្ហាវិវាទ​នៅតំបន់សមុទ្រ​ចិនខាងត្បូង​នោះឡើយ។ ម៉្យាងវិញទៀត​នៅក្រោយការ​ជាប់ឆ្នោត​លោកប្រធានាធិបតី​​​ហ្វី​លីពីន​រូបនេះ បានបង្វែរគោលនយោបាយ​ការបរទេស​នៃប្រជាជាតិ​របស់លោកចេញពីសម័្ពន្ធមិត្ត​ដ៏យូរអង្វែង​គឺសហរដ្ឋអាមេរិក​ ទៅកាន់ចិន​វិញ៕