(សេអ៊ូល)៖ តុលាការក្នុងទីក្រុងសេអ៊ូល នឹងធ្វើការសម្រេចចិត្តនៅថ្ងៃព្រហស្បតិ៍នេះ ថាតើគួរចេញសាលដីកាឃាត់ខ្លួន​អតីតប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រីផាក គឺនហេ ឬក៏យ៉ាងណា សម្រាប់បទចោទប្រកាន់នៅក្នុងសំណុំរឿង​ពុករលួយនយោបាយឆយ ស៊ូនស៊ីល។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។​

លោកស្រីផាក​ គឺនហេ នឹងត្រូវបង្ហាញខ្លួននៅក្នុងសវនាការនៅម៉ោង១០៖៣០នាទី ព្រឹក (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល) រីឯលទ្ធផលយ៉ាងណានឹង ត្រូវប្រកាសនៅត្រឹមពាក់កណ្ដាលយប់នេះ។ ក្រុមរដ្ឋអាជ្ញាពិសេសបានស្នើសុំដីកាចាប់ខ្លួន​លោកស្រីផាក កាលពីថ្ងៃចន្ទ ដោយពួកគេចោទ លោកស្រីថាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ រំលោភអំណាច និងធ្វើឱ្យលេចធ្លាយឯកសាររដ្ឋាភិបាលជាដើម។ ជាងនេះទៅទៀត លោកស្រី ផាក ក៏ត្រូវបានជាប់សង្ស័យផងដែរថាបានរួម​គំនិត​ជាមួយមិត្តភក្តិឈ្មោះឆយស៊ូនស៊ីល បង្ខំឱ្យក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូង បង់ប្រាក់ជាង ៧០ លានដុល្លារក្រោមរូបភាពជា​អំណោយ​ឱ្យទៅមូលនិធិគ្រប់គ្រងដោយស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល។

គួរបញ្ជាក់ថា បើសិនជាតុលាការរកឃើញថាលោកស្រីផាក គឺនហេ ពិតជាបានប្រព្រឹត្តអំពើពុករលួយពិតមែន នោះលោកស្រីអាចនឹងប្រឈម មុខជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ៕