(សេអ៊ូល)៖ រូបភាពមួយសន្លឹកដែលបានផ្តិតយកទិដ្ឋភាពមួយកន្លែង នៅតាមបន្ទាត់ព្រំដែននៃប្រទេសកូរ៉េទាំងពីរនាពេលរាត្រី បានបង្ហាញអំពីភាពខុសគ្នាដូចមេឃ និងដី រវាងប្រទេសកូរ៉េខាងត្បូងដែលកំពុងរីកចម្រើនគួរកត់សម្គាល់ និងដែនដីដ៏ងងឹតសូន្យឈឹងរបស់ប្រទេសឯកាកូរ៉េខាងជើង។

មុនពេលចោទសំណួរថា តើនឹងមានរឿងអ្វីកើតឡើង បើកូរ៉េខាងជើងបំផ្ទុះសង្គ្រាមនោះ យើងគួរគិតជាមុនសិនថា តើប្រទេសដ៏ងងឹតសូន្យដែល ស្ទើរតែគ្មានពន្លឺអ្វីក្នុងពេលរាត្រីមួយនេះ អាចគិតអំពីការបំផ្ទុះសង្គ្រាមដែរឬទេ ឬដោយរបៀបណា?

«ប្រសិនបើប្រទេស កូរ៉េខាងជើង ចាប់ផ្តើមការវាយប្រហារណាមួយ ប្រទេសមួយនេះច្បាស់ជាបរាជ័យជាមិនខាន» នេះជាការលើកឡើង របស់លោក John Tilelli។ លោក Tilelli លើកឡើងប្រកបដោយភាពជឿជាក់បែបនេះ ហេតុផលដោយសារលោកអតីតជា អគ្គមេបញ្ជាការយោធា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងអស់រយៈពេលបីឆ្នាំ។

«ប្រសិនបើវាកើតឡើងមែន តើវាជាសង្គ្រាមរយៈពេលខ្លី ឬវែង?» នេះជាការចោទសួររបស់លោក David Marin អ្នកឆ្លើយឆ្លងសារព័ត៌មាន CBS News ។ លោក David បានឆ្លើយតបដោយខ្លួនឯងថា «ខ្ញុំគិតថា វាជាសង្គ្រាមរយៈពេលខ្លីប៉ុណ្ណោះ»

កូរ៉េខាងជើង មានយោធាមួយលាននាក់ ដើម្បីទប់ទល់នឹងយោធាប្រកបដោយបច្ចេកទេស និងការហ្វឹកហាត់ច្បាស់លាស់របស់សហរដ្ឋអាមេរិក ប្រមាណ ២៨,០០០នាក់ និងយោធាកូរ៉េខាងត្បូងកន្លះលាននាក់។

បើធៀបត្រឹមតួលេខ កូរ៉េខាងជើង ពិតជាមិនអាចយកឈ្នះលើកងកម្លាំងបន្ថែមរបស់សហរដ្ឋអាមេរិក មិនអាចទប់ទល់នឹងការវាយប្រហារតាម ផ្លូវអាកាស និងនាវាមុជទឹករបស់សហរដ្ឋអាមេរិក ដែលដាក់ពង្រាយនៅតាមឆ្នេរបានឡើយ។

ហេតុនេះតើមេដឹកនាំកូរ៉េខាងជើង អាចនឹងចាប់អារម្មណ៍លើការធ្វើសង្គ្រាមដែរឬទេ ទាំងដែលដឹងច្បាស់ថា គ្មានសង្ឃឹមក្នុងការយកឈ្នះលើ គូសត្រូវបាននោះ។ ប៉ុន្តែអ្វីដែលកូរ៉េខាងជើងអាចធ្វើបាននោះគឺ ធ្វើយ៉ាងណាអាចបង្កក្តីឈឺចាប់ខ្លាំងបំផុតដល់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នេះជាការលើកឡើងរបស់លោក Joseph Bermudez។

លោក Bermudez អ្នកតាមដានស្ថានភាពយោធាកូរ៉េជើង សម្រាប់សារព័ត៌មាន Jane’s Defense Weekly ជឿជាក់ថា កូរ៉េខាងជើងនឹង បាញ់ប្រហារដោយកាំភ្លើងធំរាប់ពាន់គ្រឿង និងគ្រាប់រ៉ុកកែតមួយចំនួន ដែលក្នុងនោះភាគច្រើនអាចវាយប្រហាររដ្ឋធានី សេអ៊ូល ដែលមានមនុស្ស រស់នៅប្រមាណ១៣លាននាក់ និងមានចម្ងាយត្រឹម២០ម៉ាយល៍ភាគខាងត្បូងនៃតំបន់គ្មានកម្លាំងយោធា។

«កូរ៉េខាងជើងមានបំណងចង់ដាក់ពង្រាយអាវុធគីមី គ្រាប់មីស៊ីលបាលីស្ទីក នៅទីតាំងជាប់ខ្លួនបន្ទាត់ព្រំដែន» នេះជាការលើកឡើងរបស់លោក Bermudez ។«កុំភ្លេចថា ប្រសិនបើកូរ៉េខាងជើង ទាល់ច្រកដោយការដាក់សម្ពាធខ្លាំងពេក ពួកគេអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរក៏អាចថាបាន យើងក៏មិនប្រាកដពេកនោះទេពាក់ព័ន្ធនឹងរឿងនេះ»។

ការពិតទៅសហរដ្ឋអាមេរិ ធ្លាប់បានដកអាវុធនុយក្លេអ៊ែររបស់ខ្លួន ពីដែនដីកូរ៉េខាងត្បូងជាយូរណាស់មកហើយ ប៉ុន្តែនៅតែបន្តគំរាមបង្ករឿងជាថ្មី ដើម្បីប្រឆាំងនឹងការវាយប្រហារដោយអាវុធគីមី ឬនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ការពិតទៅ បើទោះបីជាគ្មានអាវុធនុយក្លេអ៊ែរ ហើយសង្គ្រាមប្រព្រឹត្តទៅស្របតាមកិច្ចព្រមព្រៀងក្តី សង្គ្រាមនៅឧបទ្វីបកូរ៉េ អាចចាត់ទុកថា ជារឿងដ៏គ្រោះថ្នាក់បំផុត។ «លទ្ធផលនៃសង្រ្គាមនៅទីនេះ ពិតជាធ្ងន់ធ្ងរជាខ្លាំង» នេះជាការលើកឡើងរបស់លោក Tilelli។ «ខ្ញុំអាចនិយាយបានថា ចំនួនអ្នកស្លាប់អាចច្រើនសន្ធឹកសន្ធាប់លើសពីអ្វីដែលអ្នកស្មានទុក»។

កាំភ្លើងធំរបស់កូរ៉េខាងជើង អាចនឹងតតាំងជាមួយកាំភ្លើងធំ និងយន្តហោះចម្បាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលបំពាក់ដោយអាវុធ និងអាចមានសមត្ថភាពតម្រង់ក្នុងគោលដៅវាយប្រហារបានច្បាស់លាស់បំផុត។ ប៉ុន្តែកាំភ្លើងធំរបស់កូរ៉េខាងជើង ក៏មិនងាយក្នុងការបាញ់ កំទេចនោះដែរ ដោយភាគច្រើន វាត្រូវបានបង្កប់ក្នុងរូងភ្នំ ដែលអាចបើកបិទច្រក អាចរំកិលចេញក្រៅ អាចបាញ់បានជាច្រើនគ្រាប់ និងមានរបាំងការពារបានយ៉ាងល្អ»។

ចំពោះរថក្រោះកូរ៉េខាងជើង អាចបញ្ជូនមកទិសខាងត្បូង តាមរយៈច្រកទ្វារបី។ ទីមួយ ពួកគេអាចធ្វើដំណើរតាមផ្លូវហាយវេ។ សម្រាប់ទ័ពថ្មើរ ជើងរបស់កូរ៉េខាងជើង នឹងត្រូវបានបញ្ជូនតាមច្រកសម្ងាត់ ដែលជីកពីក្រោមតំបន់គ្មានយោធា ចំណែកកងកម្លាំងប្រតិបត្តិការពិសេស នឹងត្រូវបានដាក់ពង្រាយតាមនាវាមុជទឹកដែលក្បែរបន្ទាត់ព្រំដែន។

«កូរ៉េខាងជើងសង្ឃឹមថា កម្លាំងចម្រុះរបស់ពួកគេ អាចផ្តួលរំលំគូរសត្រូវបានទាំងស្រុង និងផ្តល់ឱកាសដល់ពួកគេក្នុងការជ្រៀតចូលក្នុងសត្រូវ បានយ៉ាងឆាប់រហ័ស និងកាន់តែជ្រៅ។ យ៉ាងនេះក្តីសង្គ្រាមទាំងអស់មិនងាយនឹងដំណើរការរលូន ទៅតាមការគ្រោងទុកនោះឡើយ ទីបំផុត កូរ៉េខាងត្បូង អាចនឹងទទួលបានជ័យជម្នះ ខណៈដែលភាគខាងជើង ត្រូវប្រឈមមុខនឹងភាពបរាជ័យយ៉ាងអាម៉ាស់ តែវានឹងផ្តល់នូវគ្រោះ មហន្តយ៉ាងយ៉ាងធ្ងន់ធ្ងរសម្រាប់ភាគីទាំងអស់៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា