(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមិនដែលខ្វល់ឡើយពីការបារម្ភរបស់រុស្ស៊ី ពាក់ព័ន្ធនឹងគំរោងដាក់ពង្រាយ ប្រព័ន្ធខែលការពារមីស៊ីលអាមេរិកនៅក្នុងតំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក ដែលនេះធ្វើឱ្យទីក្រុងមូស្គូ គ្មានជំរើសផ្សេងឡើយក្រៅតែពីចាត់វិធានការសងសឹក​ ត្បិតវាគ្រាន់តែលេសរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ឥទ្ធិពលយោធារុស្ស៊ី និងចិនតែប៉ុណ្ណោះ ក៏ប៉ុន្តែកិច្ចចរចានៅតែបើកទ្វារជានិច្ច។ នេះបើតាមសម្តីអនុប្រធានសេនានុព័ន្ធយោធារុស្ស៊ី លោក Viktor Poznikhir ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។

យោងតាម​លោក Viktor Poznikhir ប្រព័ន្ធមីស៊ីល​អាមេរិក​បានធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ​អន្តរជាតិ ហើយវាក៏​នឹងបង្កឱ្យមាន​ផងដែរនូវការរត់ ប្រណាំងសព្វាវុធ​សាជាថ្មីរវាងមហាអំណាច​ទំាងអស់នៅលើ​ពិភពលោក។ ថ្លែងនៅក្នុងសន្និសីទ​ស្ដីពីការកាត់​បន្ថយអាវុធ នៅទីក្រុងហ្សឺណែវ​នាពេលថ្មីៗនេះ លោក Poznikhir បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការដាក់ពង្រាយ​ប្រព័ន្ធខែលការពារ​មីស៊ីលអាមេរិកមិនថា​នៅអឺរ៉ុប ឬនៅតំបន់អាស៊ី​ប៉ាស៊ីហ្វិក ជាពិសេសនៅ​កូរ៉េខាងត្បូង គ្រាន់តែជាលេស​មួយប៉ុណ្ណោះ ពោលគឺការ​ទប់ស្កាត់ការគំរាមកំហែង​ពីមីស៊ីលអ៊ីរ៉ង់ ឬកូរ៉េខាងជើង​មិនមែនជា​ចេតនាពិត របស់​សហរដ្ឋអាមេរិក​នោះទេ ផ្ទុយទៅវិញ​គោលបំណង​ពិតនោះគឺ វ៉ាស៊ីនតោនចង់ហ៊ុមព័ទ្ធ ក៏ដូចជា​ទប់ស្កាត់ឥទ្ធិពល​យោធា ព្រមទំាងបំផ្លាញ​មីស៊ីលផ្លោងចិន និងរុស្ស៊ី»

គួរបញ្ជាក់ថាសហរដ្ឋអាមេរិក​ធ្លាប់បានអះអាងជាច្រើនដង​រួចហើយថា ប្រព័ន្ធមីស៊ីល​ដូចជា THAAD ជាដើម មានគោលដៅទៅ​លើកូរ៉េខាងជើងតែមួយគត់ ហើយវា​ក៏មិនបាន​ធ្វើឱ្យប៉ះពាលដល់សន្តិសុខ​ប្រទេសក្បែរ​ខាងនោះដែរ។ ទោះបីយ៉ាងណាចិន និងរុស្ស៊ី​បានព្រមានថា​ពួកគេនឹងចាត់វិធានការ​សងសឹកទៅ នឹងការដាក់ពង្រាយ​ប្រព័ន្ធមីស៊ីល​នេះ៕