(អាហ្វហ្គានីស្ថាន)៖ ក្រុមសកម្មប្រយុទ្ធ៤៧នាក់ត្រូវបានសម្លាប់ និង៥១នាក់ទៀតបានរងរបួស នៅក្នុងប្រតិបត្តិការយោធារបស់កងកម្លំាងអាហ្វហ្គានីស្ថាន ទៅលើមូលដ្ឋានក្រុមតាលីបង់នៅភាគខាងលិច ខេត្ត Farah។ នេះបើតាមអាជ្ញាធរនៅក្នុងតំបន់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនសិនហួរ នៅរសៀលថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។

ប្រភពដដែល​បានឱ្យដឹង​យ៉ាងដូច្នេះទៀតថា ក្រោមការ​សម្របសម្រួល​ដ៏ល្អក្នុងការធ្វើ​ប្រតិបត្តិការ​យោធាប្រឆាំងនឹង​ក្រុមឧទ្ទាម​តាលីបង់ នៅក្នុង​ស្រុក Bala Block នៃខេត្ត Farah នៅព្រឹកថ្ងៃពុធនេះ​កងកម្លាំង​អាហ្វហ្គានីស្ថាន បានផ្ដាច់យកជីវិត​ក្រុមសកម្ម​ប្រយុទ្ធ​តាលីបង់៤៧នាក់ និង៥១នាក់បាន​រងរបួស។ ក៏ប៉ុន្តែភ្លាមៗនោះដែរ​ក្រុមតាលីបង់ មិនទាន់ធ្វើ​ការអត្ថាធិប្បាយ​ណាមួយនៅ​ឡើយទេ ឆ្លើយតបទៅនឹង​ការអះអាងនេះ។

គួរបញ្ជាក់ថា ស្រុក Bala Block នៃភាគខាង​លិចខេត្ត Farah ដែលសម្បូរទៅ​ដោយក្រុមឧទ្ទាម​តាលីបង់ គឺស្ថិតនៅចំងាយ​ ៦៩៥គីឡូម៉ែត្រពីភាគខាងលិចរដ្ឋធានីកាប៊ុល៕