(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង ជាពិសេសក្រសួងដែលទទួលបន្ទុកលើវិស័យនាវាចរ ពេលនេះកំពុងតែទទួលរងព្រនង់នៃពាក្យរិះគន់ និងជេរប្រទេចធ្ងន់ៗពីសំណាក់សាធារណជន ក៏ព្រោះតែការចេញផ្សាយថា គ្រោងឆ្អឹងដែលត្រូវបានរកឃើញក្នុងគ្រោងនាវា Sewol គឺជាគ្រោងឆ្អឹងរបស់ ជនរងគ្រោះ ប៉ុន្តែក្រោយមកបែរជាបានកែតម្រូវមកវិញថា គ្រាន់តែជាឆ្អឹងសត្វ​ប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយពី Channel News Asia នាព្រឹកថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។

សារព័ត៌មាននានារបស់កូរ៉េខាងត្បូងបានចុះផ្សាយថា សាច់ញាតិរបស់ជនរងគ្រោះទាំង ០៩នាក់​ដែលមិន​ទាន់ត្រូវបានរកឃើញ ៣ឆ្នាំមកនេះ បានទន្ទឹងរង់ចាំព័ត៌មានយ៉ាងអន្ទះសារ និងគ្រាន់តែចង់បានគ្រោងឆ្អឹង​របស់សាច់ញាតិពួកគេយកទៅ​ធ្វើបុណ្យ និងបញ្ចុះឲ្យបាន​សមរម្យតែប៉ុណ្ណោះ ក៏ប៉ុន្តែការប្រកាស​ខុសបែបនេះ​ធ្វើឲ្យពួកគេ​មានអារម្មណ៍ប្រៀបដូចជា ធ្លាក់ពីលើឋានសួគ៌ចូល​ទៅក្នុងឋាននរកទៅវិញ។

គួរបញ្ជាក់តាមព័ត៌មានកូរ៉េខាងត្បូង ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះថា ក្រុមជំនាញផ្នែកសង្គ្រោះរបស់កូរ៉េខាងត្បូង ទំនងជាបានរកឃើញគ្រោងឆ្អឹងនៃជនរងគ្រោះ នៅក្នុងនាវា Sewol ដែលបានលិចអស់រយៈពេល០៣ឆ្នាំមកហើយ និងត្រូវបានស្រង់ចេញពីក្នុងទឹកសមុទ្រ កាលពីសប្តាហ៍មុននេះ។

សេចក្តីប្រកាសជាផ្លូវការត្រូវបានក្រសួងកូរ៉េខាងត្បូងអះអាងថា នឹងចេញនៅល្ងាចថ្ងៃអង្គារ ខណៈដែល​មានសេចក្តីរាយការណ៍ជាបឋមថា គ្រោងឆ្អឹងនោះអាច​ជាគ្រោងឆ្អឹងមួយ​ក្នុងចំណោមជនរងគ្រោះ​ទាំង ០៩នាក់ ដែលបាន​បន្តបាត់ខ្លួន​ក្រោយហេតុការណ៍លិច​នាវា Sewol កាលពីឆ្នាំ២០១៤ ដែលបានសម្លាប់​ជនរងគ្រោះភាគច្រើន​ជាសិស្សសាលា​ក្មេងៗចំនួន ៣០៤នាក់៕