(វ៉ាស៊ីនតោន)៖ រូបភាពដែល​ទើបទទួលបានបន្ថែម​ទៀតពីប្រព័ន្ធផ្កាយរណបបានបង្ហាញថា ប្រទេសកូរ៉េខាងជើង កាន់តែខិតជិតដល់ពេលវេលានៃការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរដ៏មានអានុភាព ជាលើកទី៦ មែនទែនហើយ។ នេះបើតាមការអះអាងពីក្រុមជំនាញអាមេរិក ដែលត្រូវបានយល់ស្របដោយ​យោធាអាមេរិក និងដកស្រង់ការផ្សាយពី Channel News Asia នាព្រឹកថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។

រូបភាពចុងក្រោយ​ពីប្រព័ន្ធផ្កាយរណប​ត្រូវបានថតយកកាលពីថ្ងៃទី២៥ ខែមីនា កន្លងទៅថ្មីៗនេះ​ដែលគេ​ឃើញមានគ្រឿង​ចក្រចំនួន ០៥គ្រឿង ឬក៏បរិក្ខាផ្នែកដឹកជញ្ជូន បញ្ចេញសកម្មភាព​នៅតំបន់ទុក​សម្រាប់ធ្វើ​តេស្តនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង​មានឈ្មោះថា Punggye-ri ហើយដែលខ្សែបណ្តាញ​សម្រាប់ធ្វើការ ទាក់ទងគ្នានោះ​ត្រូវបានដាក់ពង្រាយចេញពី​ទីនោះរួចហើយដែរ។

វិទ្យាស្ថានសិក្សា កូរ៉េ-អាមេរិក របស់សាកល​វិទ្យាល័យ Johns Hopkins ត្រូវបាន​វែបសាយ 38 North ដកស្រង់របាយការណ៍​យ៉ាងដូច្នេះថា «បរិក្ខាទាំងនោះ​ទំនងជាត្រូវបាន​ចល័ត និងសម្រួលដល់​ការរៀបចំការ​ធ្វើតេស្ត, ប្រមូលទិន្នន័យ​ពីការបំផ្ទុះ, និងដំណើរការ​ទិន្នន័យនានា»។ កន្លងមក​កូរ៉េខាងជើង​ធ្លាប់បានព្រមាន​ថា ខ្លួនកំពុងតែអភិវឌ្ឍន៍​គ្រាប់មីស៊ីលដែល​អាចបំពាក់ក្បាល​គ្រាប់នុយក្លេអ៊ែរ មានសមត្ថភាពអាច​បាញ់ដល់​ទឹកដីអាមេរិក​ ទុកធ្វើសង្គ្រាមក្នុងករណីដែលមហាអំណាចមួយនេះ ​ហ៊ានធ្វើការវាយប្រហារ​​ដោយអាវុធនុយក្លេអ៊ែរ ​រំលោភ​លើទឹកដី​​កូរ៉េខាងជើង​​មុននោះ៕