(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានឈានដល់កិច្ចព្រមព្រៀងមួយទិញ ភាគហ៊ុន ២០០លានដុល្លារអាមេរិកពីក្រុមហ៊ុន China Southern Airlines ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP ដកស្រង់ដោយ សារព័ត៌មាន CNBC នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។

​នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន​ក្រុមហ៊ុន China Southern Airlines បានឱ្យដឹងថា ផ្អែកតាមកិច្ច​ព្រមព្រៀង​ខាងលើ American និង China Southern នឹងពង្រីកកិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​សម្រាប់ផ្នែកលក់​អាកាសយានដ្ឋាន និងការបែងចែកកូតា​ជាដើម។ បន្ថែមពីលើនេះ​កិច្ចព្រមព្រៀង​ទិញភាគហ៊ុននេះ គឺតំណាងឱ្យ​២.៧៦ភាគរយ​នៃភាគហ៊ុន​ក្រុមហ៊ុន China Southern Airlines ។

គួរបញ្ជាក់ថានារយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ក្រុមហ៊ុនបរទេស​ជាច្រើនកំពុងសម្លឹងមើល​ការពង្រីក​ទំនាក់ទំនង​កាន់តែជិតស្និទ្ធ ជាមួយបណ្ដាក្រុមហ៊ុនអាកាសចរណ៍ចិន ដើម្បីគ្រប់គ្រង​ទីផ្សារអាកាសចរណ៍​របស់ចិន ដែលបាន​និងកំពុងរីកចំរើន​យ៉ាងឆាប់​រហ័ស ខណៈទីផ្សារ​នៅអឺរ៉ុប និងអាមេរិកខាងជើង​នៅនឹងធឹង៕