​(គូឡាឡាំពួ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Subramaniam Sathasivam បាននិយាយ នៅថ្ងៃអង្គារនេះថា សាកសពលោក គីម ជុង ណាំ កំពុងស្ថិតនៅទីក្រុងគូឡាឡាំពួនៅឡើយ ដោយ​មិនបានបញ្ជាក់ថា នឹងត្រូវបញ្ជូនទៅកូរ៉េខាងជើងដូចការចេញផ្សាយព័ត៌មានមួយចំនួននោះឡើយ បន្ទាប់ពីលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានឃាតករស្រីពីរនាក់សម្លាប់​ដោយប្រើសារធាតុគីមីពុល VX នៅអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។

ប្រតិកម្មរបស់លោក Subramaniam ធ្វើឡើងបន្ទាប់ពីមាន​​សេចក្ដីរាយការណ៍​ថា សាកសព លោក គីម នឹងត្រូវបញ្ជូនទៅកាន់កូរ៉េខាងជើងក្នុងពេលឆាប់ៗនេះ។ លោករដ្ឋមន្ត្រីសុខាភិបាល​រូបនេះ បានបញ្ជាក់​ប្រាប់អ្នកសារព័ត៌មាន​ដូច្នេះថា «យើងបានត្រួត​ពិនិត្យជាមួយ​នាយកដ្ឋាន​កោសល្យវិច័យថា តើមាន​ការ​ស្នើ​សុំយកសាកសព​ចេញខាងក្រៅ ឬទេ? ក៏ប៉ុន្តែអ្វីដែល​យើងកំពុង​ព្រួយបារម្ភនេះ ពុំទាន់មានការ​ផ្លាស់ប្ដូរ​សា្ថនការណ៍ណាមួយ​នៅឡើយទេ​ពោលគឺសព​លោក គីម នៅតែស្ថិត​នៅក្នុងទីក្រុង​គូឡាឡាំពួ ដដែល»

ទោះបីជាយ៉ាងណា លោក  Subramaniam ក៏មិនបានលម្អិតដែរ​ចំពោះព័ត៌មានដែលថា រដ្ឋាភិបាល​ម៉ាឡេស៊ី នឹងបញ្ជូនសាកសព​លោក គីម ជុងណាំ ទៅកាន់ទីក្រុង​ព្យុងយ៉ាង ដើម្បីជាថ្នូរនឹង ការដោះលែង​ជនជាតិម៉ាឡេស៊ី ដែលកំពុងជាប់គាំងនៅ​កូរ៉េខាងជើងនោះ។

គួរបញ្ជាក់ថាកាលពីថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយ​ម៉ាឡេស៊ី​បានរាយការណ៍​ថា សពលោក គីម ជុងណាំ ត្រូវបានគេយក​ចេញពីមន្ទីរពេទ្យ ដើម្បីត្រៀមបញ្ជូនទៅកាន់​ទីក្រុងប៉េកាំង។ ជាងនេះទៅទៀត នៅថ្ងៃអង្គារនេះ​ដែរ​សារព័ត៌មាន​ម៉ាឡេស៊ី New Straits Times បាននិយាយថា សពលោកគីម ត្រូវបានគេរំពឹងថានឹងត្រូវបញ្ជូនទៅកាន់ទីក្រុងប៉េកាំង រួចទៅកាន់កូរ៉េខាងជើងក្នុងពេលឆាប់ៗនេះ ក៏ប៉ុន្តែមិនបានប្រាប់ពីប្រភពដែលខ្លួនទទួលបាននោះទេ៕