(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកបាននិយាយថា ខ្លួននឹងមិនផ្លាស់ប្ដូរឡើយ​នូវច្បាប់ពាក់ព័ន្ធនឹង ការចូលរួមនៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងនឹងក្រុម ISIS នៅអ៊ីរ៉ាក់ ខណៈក្រុមចំរុះអន្តរជាតិដឹកនាំដោយ សហរដ្ឋអាមេរិកត្រូវបានគេចោទប្រកាន់ថា បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសច្រឡំ សម្លាប់ជនស៊ីវិលជាច្រើននាក់នៅឯទីក្រុងម៉ូស៊ុល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today​ នៅព្រឹកថ្ងៃអង្គារ ខែមីនា ឆ្នាំ២០១៧។

ថ្លែងទៅកាន់​អ្នកសារព័ត៌មាន អ្នកនាំពាក្យ​ទីបញ្ជាការ​កណ្ដាលកងទ័ព​អាមេរិក លោកវរសេនីយ៍ឯក John Thomas បានគូសបញ្ជាក់ថា កងទ័ពអាមេរិក​មិនមានគំរោង​ផ្លាស់ប្ដូរ​មធ្យោបាយ ដែលខ្លួន​កំពុងអនុវត្តន៍​ការវាយប្រហារ​តាមផ្លូវអាកាស​នោះទេ បើទោះបីជាការវាយ​ប្រយុទ្ធដើម្បី ចូលទៅក្នុងទីក្រុងមូស៊ុលបាន និងកំពុងបង្ក​ហានិភ័យ​ដល់ប្រជាជន​អ៊ីរ៉ាក់ នៅផ្នែកខាងលិច​ទីក្រុងមួយនេះ​ក៏ដោយ។ «លោក​ឧត្តមសេនីយ៍  Joseph Votel (ប្រមុខទីបញ្ជាការ​កណ្ដាលកងទ័ព​អាមេរិក) មិនមានបំណង​ផ្លាស់ប្ដូរ ឬក៏កែប្រែ​វិធីសាស្រ្ត​ដែលយើងកំពុង​ប្រតិបត្តិការទេ ព្រោះវាជា​មធ្យោបាយ​ដ៏ល្អ ហើយយើង​ចង់បញ្ជាក់ឱ្យច្បាស់​ថា​ យើងអាច​រស់បាន​ដោយសារ​ដំណើរការ​ដ៏ល្អនេះ»។ នេះបើតាម​សម្ដីរបស់ លោក John Thomas ថ្លែងប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

គួរបញ្ជាក់ថា​ក្រុមចំរុះអន្តរជាតិ​ដឹកនាំដោយ​សហរដ្ឋអាមេរិក ត្រូវបានគេ​ចោទប្រកាន់ថា​ បានវាយប្រហារច្រឡំ​សម្លាប់ជន​ស៊ីវិល ១៧នាក់ក្នុង​ខែមីនានេះ រីឯក្រុមអ្នក​ឃ្លំាមើលសិទ្ធិមនុស្ស​បានអះអាងថា ប្រជាជន​ស៊ីវិលស្លូត​ត្រង់ជិត ២៤០នាក់ បានស្លាប់បាត់​បង់ជិវិត​នៅក្នុងការវាយ ប្រហារតាមផ្លូវអាកាស​នៃក្រុមចំរុះអន្តរជាតិ​ចាប់តាំងពី​ឆ្នាំ២០១៤មក៕