(ណានជីង)៖ ក្រុមអ្នកវិទ្យាសាស្រ្តចិនកំពុងសាងសង់មូលដ្ឋានស្រាវជ្រាវ ដែលមានមុខងារចម្រុះដ៏ធំជាងគេបង្អស់លើលោក សម្រាប់ការ​សិក្សាទៅលើវិទ្យាសាស្រ្តក៏ដូចជាបច្ចេកវិទ្យាបែប Nano (កម្រិតដ៏តូចល្អិត) ដែលអាចជួយក្នុងការអភិវឌ្ឍប្រព័ន្ធកុំព្យូទ័រ ដែលមានកម្លាំងខ្លាំង​ជាងមុន ព្រមទាំងមនុស្សយន្តដែលមានភាពវ័យឆ្លាតមិនធ្លាប់មានផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុន​នេះបន្តិចនាព្រឹកថ្ងៃអង្គារ​ ទី២៨ ខែមីនា ឆ្នាំ២០១៧។

យោងតាមលោក Ding Sunan អនុប្រធាន​នៃគំរោងខាងលើ​ ទីតាំងស្រាវជ្រាវ Nano-X ដែលស្ថិត​នៅក្នុង​ទីក្រុង Suzhou នៃខេត្ត Jiangsu ទទួលបាន​ថវិកាឧបត្ថមជាបឋមប្រមាណ​ ៣២០លានយ័នស្មើនឹង ៤៦,៥លានដុល្លារ​សហរដ្ឋអាមេរិក ហើយនៅ​ពេលក្រោយទៀត​​​នឹង​មានកញ្ចប់​ថវិកា​សរុប ១.៥ពាន់ពាន់​លានយ័ន ដែលស្មើនឹង​២១៨លានដុល្លារ។

គួរបញ្ចាក់ថា​ការសាងសង់នៃ​ដំណាក់កាលដំបូង​បានចាប់ផ្តើមកាល​ពីឆ្នាំ២០១៤ ហើយត្រូវរំពឹងថា​នឹងបញ្ចប់សព្វគ្រប់​រួចរាល់នៅក្នុង​ឆ្នាំ​២០១៨ខាងមុខ៕