(ម៉ិចស៊ីកូ)៖ ជារឿងដែលមិនគួរឲ្យកើតមានទាល់តែសោះ ដែលស្ត្រីពីររូបរវល់តែឈ្លក់វង្វេងនឹងការថតរូប Selfie រួចក៏ត្រូវយន្តហោះខ្នាតតូចមួយគ្រឿងបុកបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង ស្ថិតនៅក្នុងរដ្ឋមួយ នៃភាគខាងជើងប្រទេសម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។

គ្រោះថ្នាក់ខាងលើនេះ​បានកើតឡើងកាលពីចុងសប្តាហ៍មុន នៅក្នុងព្រលាន​យន្តហោះ​នៃក្រុង Chinipas ស្ថិតក្នុងរដ្ឋ Chihuahua ដែលបានបណ្តាល​ឲ្យនាង Mendiza វ័យ១៨ឆ្នាំ និងនាង Morquecho វ័យ​១៧ឆ្នាំ ទាំងពីរនាក់បាត់បង់ជីវិត និងត្រូវបាន​យកទៅបញ្ចុះនៅមួយថ្ងៃបន្ទាប់។ អ្នកបានឃើញ​​​ហេតុការណ៍​ខាងលើនេះបានបញ្ជាក់ថា នារីវ័យក្មេងទាំងពីរ​បានថតរូបលើកដំបូល​រថយន្ត​មួយប្រឡែងនឹង​យន្តហោះ​ដែលកំពុងធ្វើ​ដំណើរមក ហើយមិនអាចលោតចុះ​ទាន់ទើបត្រូវស្លាបយន្តហោះ​បុកចំទាំងពីរ​នាក់តែម្តង។

គួរបញ្ជាក់ថា​រហូតមកដល់ពេលនេះ គេពុំមានរបាយការណ៍លម្អិត​នៃចំនួនមនុស្សស្លាប់ ដោយសារ​តែការ​ថតរូប Selfie បែបផ្សងគ្រោះថ្នាក់​នោះឡើយ ប៉ុន្តែជាការពិតណាស់​មនុស្សជាច្រើននាក់​មកហើយ​ដែលបាន ស្លាប់ និងជួបគ្រោះថ្នាក់​នានាដោយសារតែ​ការថតរូប Selfie មានដូចជានៅ​ប្រទេស រុស្ស៊ី ឥណ្ឌា និងបណ្តា​ប្រទេស​អាមេរិកឡាទីន​ផងដែរ៕