(សេអ៊ូល)៖ មេបញ្ជាការកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង លោក Vincent K. Brooks បានប្រាប់ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop ថាកូរ៉េខាងជើងបានឈានដល់ការអភិវឌ្ឍន៍ គ្រាប់រ៉ុក្កែតដែលអាចបង្កគ្រោះថា្នក់ដល់ទីក្រុងកង់ប៊េរ៉ា នៅក្នុងករណីវាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។

ការព្រមាន​របស់លោក Vincent K. Brooks អាចចាត់ទុកបានថា ជាព័ត៌មានថ្មីមួយ​ត្បិតកូរ៉េខាងជើង ធ្លាប់បានគំរាម​វាយប្រហារលើ​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងតែ​ប៉ុណ្ណោះ។ ដោយឡែកជុំវិញ ការព្រមាន​នេះដែរ​ថ្លែងទៅកាន់អ្នក​សារព័ត៌មាន លោកស្រី Julie Bishop បានលើកឡើងដូច្នេះថា «ការព្រមានរបស់​លោក Brooks នោះគឺថា​កូរ៉េខាងជើង... បច្ចុប្បន្នសមត្ថភាព​មីស៊ីលផ្លោង​អន្តរទ្វីប ICBM របស់ទីក្រុងព្យុងយ៉ាង​កាន់តែរីកចំរើនមុខ ហើយបើសិនជា​វាអាចបំពាក់​ក្បាលគ្រាប់នុយក្លេអ៊ែរ​បានមែននោះ វាមិនមែនបង្ក​គ្រោះថ្នាក់តែនៅក្នុង​ឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺតំបន់យើង​ទាំងមូលតែម្ដង រួមទាំងអូស្ត្រាលី​ផងដែរ»

គួរបញ្ជាក់ថា​ការព្រមាន​របស់លោក Vincent K. Brooks ធ្វើឡើង​ស្របពេលដែល​មានសេចក្ដីរាយការណ៍ថា កូរ៉េខាងជើង​អាចនឹង​ដឹកនាំការ ធ្វើតេស្ដ​សាកល្បង​បំផ្ទុះក្បាលគ្រាប់​នុយក្លេអ៊ែរ​ជាលើកទី០៦ នៅអំឡុងកិច្ច​ប្រជុំកំពូល​អាមេរិក-ចិន នៅដើមខែមេសា ឬក៏នៅថ្ងៃខួបកំណើតជីតាលោក គីម ជុងអ៊ុន គឺលោក គីម អ៊ីលស៊ុង នៅថ្ងៃទី១៥ ខែមេសា ឬក៏នៅថ្ងៃទី២៥ ខែមេសា ដែលជាថ្ងៃខួបកំណើត​កងទ័ពប្រជាមានិត​កូរ៉េខាងជើង៕