(អឺរ៉ុប)៖ ប្រជាជនអឺរ៉ុប យ៉ាងហោចណាស់៥លាននាក់ អាចនឹងបាត់បង់ផ្ទះសម្បែងរបស់ខ្លួន ខណៈទ្វីបអឺរ៉ុប អាចនឹងលិចបាត់មួយផ្នែកចាប់ពីពេលនេះ រហូតដល់ ឆ្នាំ២១០០ ដោយសារតែគ្រោះទឹកជំនន់ ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។ នេះបើតាមអង្គការឧតុនិយមពិភពលោក WMO ដកស្រង់ដោយសារ ព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។

ការលើកឡើងខាងលើរបស់ WMO ធ្វើឡើងដោយផ្អែកលើលក្ខខណ្ឌឧតុនិយម និងបម្រែបម្រួលអាកាសធាតុ នាពេលបច្ចុប្បន្ន ជាពិសេសនោះគឺការកើនឡើងនៃ កម្ដៅផែនដីតែម្ដង ដែលកំពុងធ្វើកម្រិតទឹកសមុទ្រចេះតែបន្តកើនឡើង។​ «ឆ្នាំ២០១៦ ជាឆ្នាំមានអាកាសធាតុក្ដៅបំផុតមិនធ្លាប់មាន បើធៀបទៅនឹងសម័យមុន បដិវត្តន៍ឧស្សាហកម្ម ពោលគឺសីតុណ្ណភាព បានកើនឡើង១,១អង្សាសេ ឬ០,០៦អង្សាសេ ខ្ពស់ជាងសីតុណ្ហភាពកាលពីឆ្នាំ២០១៥»។ នេះបើតាមអគ្គលេខាធិការ WMO លោក Petteri Taalas។

គួរបញ្ជាក់ថា បើតាមអង្គការឧតុនិយមពិភពលោក WMO ឆ្នាំ២០១៧នេះ សីតុណ្ហភាព អាចនឹងក្ដៅកាន់តែខ្លាំង ហើយវាក៏នឹងអាចធ្វើឱ្យទឹកកកនៅឯមហាសមុទ្រ អាក់ទិចរលាយ ជាហេតុធ្វើឱ្យកំរិតទឹកសមុទ្រហក់ឡើងកាន់តែខ្ពស់៕