(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ជាក់ថា ខ្លួនបានបង្ហាញការមិនពេញចិត្តទៅកាន់រដ្ឋាភិបាលតូក្យូ បន្ទាប់ពី​មន្រ្តីជប៉ុនមួយរូបបាន​ធ្វើ​ដំណើរទៅបំពេញទស្សនកិច្ច នៅឯកោះតៃវ៉ាន់កាលពីចុងសប្តាហ៍មុននេះ និងបានព្រមានថា ទង្វើនេះអាចជះ​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ដល់ទំនាក់ទំនងចិន-ជប៉ុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។

ក្រសួងកិច្ចការ​ផ្ទៃក្នុង​ និងទំនាក់ទំនង​នៃប្រទេសជប៉ុន​បានឲ្យដឹងថា អនុរដ្ឋមន្រ្តី​លោក Jiro Akama បានធ្វើដំណើរ​ទៅកាន់កោះ​តៃវ៉ាន់ ដើម្បី​ចូលរួមព្រឹត្តិការណ៍​លើកកម្ពស់​វិស័យទេសចរណ៍​មួយ​​ជំនួសមុខ​ឲ្យក្រសួង​របស់លោក ដោយបាន​ចាកចេញពី​ជប៉ុនកាលពី​ថ្ងៃសុក្រសប្តាហ៍​មុន និងបានវិលត្រឡប់​មកវិញនៅ​ថ្ងៃបន្ទាប់។ ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងប្រទេស​ជប៉ុនបាន​រាយការណ៍ថា លោក Akama គឺជាមន្រ្តី​រដ្ឋាភិបាល​ជាន់ខ្ពស់​បំផុត ដែលបានធ្វើដំណើរ​ក្នុងលក្ខណៈជាផ្លូវការ​ទៅកាន់តៃវ៉ាន់ ចាប់តាំងតែ​ពីពេលជា​ទីក្រុងតូក្យូ​បានផ្តាច់ទំនាក់​ទំនងការទូត​​ជាមួយទីក្រុង​តៃប៉ិ កាលពីឆ្នាំ១៩៧២ ដើម្បីងាក​មកបង្កើតជា​មួយទីក្រុងប៉េកាំង​វិញ។

ជុំវិញដំណើរបំពេញ​ទស្សនកិច្ចនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនលោកស្រី Hua Chunying បានថ្លែងថា​ វាបានប្រព្រឹត្ត​ទៅផ្ទុយទាំង​ស្រុង​ពីការសន្យា​របស់ជប៉ុន ដែលថា​នឹងធ្វើការ​ដោះប្តូរ​ក៏ដូចជា​ធ្វើទំនាក់ទំនង​តែក្នុងរបៀប​ជាមិនមែន​រដ្ឋាភិបាល និងក្នុង​តំបន់តែ​ប៉ុណ្ណោះ​ជា​មួយកោះតៃវ៉ាន់ ដែលចិន​បាននិងនៅតែចាត់ទុកថា​ ជាខេត្តមួយ​របស់ខ្លួនដដែល​នោះ។ លោកស្រី​អ្នកនាំពាក្យ​បានលើក​ឡើងថា «ចិន​ជំទាស់​ដាច់ខាតចំពោះ​ទង្វើនេះ ហើយក៏បាន​បង្ហាញឆន្ទៈយ៉ាងច្បាស់​លាស់​ទៅកាន់ភាគី​ជប៉ុនផងដែរ»។

បន្ថែមពីនេះ​លោកស្រី Hua Chunying បានសង្កត់ធ្ងន់ថា​ កោះតៃវ៉ាន់​គឺជាផលប្រយោជន៍​ស្នូលដ៏សំខាន់​របស់ចិន ដែលពុំអាច​ប្រកែកបាន​​នោះឡើយ ហើយរដ្ឋាភិបាល​ជប៉ុនគួរតែ​ទទួលស្គាល់​នូវភាពប្រាកដប្រជា​របស់វា និងឈប់ធ្វើខ្លួន​ជាមនុស្ស «មុខពីរ» តទៀត ក៏ដូចជា​កុំ​បន្ត​​ដើរផ្លូវខុស​ទៀត។

គួរបញ្ជាក់ថា​ជប៉ុនដូចជាប្រទេស​ជាច្រើនផ្សេងៗ​ទៀតនៅក្នុងពិភពលោករក្សាតែ​ទំនាក់ទំនង​មិនផ្លូវការជាមួយកោះតៃវ៉ាន់​ប៉ុណ្ណោះ ស្រប​ពេលដែល​ទីក្រុងតូក្យូ​មានចំណងការទូត​ផ្លូវការជាមួយ​ទីក្រុងប៉េកាំង៕