(កាប៊ូល)៖ ក្រុមសកម្មប្រយុទ្ធ ISIS ចំនួន ៣៣នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់កងកម្លំាងយោធាអាហ្វហ្គានីស្ថាន នៅក្នុងស្រុក Koot នៃភាគខាងកើតខេត្ត Nangarhar ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។

ប្រភពដដែល​បានឱ្យដឹង​ទៀតថា ក្នុងពេលជាមួយគ្នាក្រុមសកម្មប្រយុទ្ធ​តាលីបង់​០៣នាក់ ក៏ត្រូវបានសម្លាប់​ផងដែរ បន្ទាប់ពីកងម្លាំងអាហ្វហ្គានីស្ថានបានដឹកនាំប្រតិបតិ្តការយោធានៅ​ក្នុងភូមិ Gadi នៃខេត្ត Nangarhar។

គួរបញ្ជាក់ថាខេត្ត Nangarhar ដែលមាន​ទីក្រុងឈ្មោះ Jalalabad និងជាតំបន់សម្បូរទៅដោយភ្នំ ព្រមទាំង​ស្ថិតនៅចំងាយ ១២០គីឡូម៉ែត្រពី​រដ្ឋធានីកាប៊ូល បានក្លាយជាសមរភូមិ​ប្រយុទ្ធ​រវាង​កងកម្លាំង​អាហ្វហ្គានីស្ថាន និងពួក ISIS ចាប់តំាងពី​ឆ្នាំ២០១៥មកម្លេះ ហើយមិនតែ​ប៉ុណ្ណោះ​ក្រៅតែ​ពីពួក ISIS កងកម្លាំង រដ្ឋាភិបាល​ក្រុងកាប៊ុលក៏កំពុងប្រយុទ្ធ​ជាមួយក្រុមតាលី​បង់ដែរ ដែលតែងតែ​ដឹកនាំ​ការវាយប្រហារបំផ្ទុះ​គ្រាប់​អត្តឃាត៕