(ហាណូយ)៖ ស្របពេលដែលវៀតណាមបាន និងកំពុងចំណាយប្រាក់យ៉ាងច្រើនលើការនាំចូលបន្លែ ក៏ដូចជាផ្លែឈើដ៏ច្រើនសន្ធឹកសន្ធាប់ពី​បរទេសជាពិសេសចិន និងថៃពីព្រោះតែប្រជាពលរដ្ឋបានបាត់បង់ ទំនុកចិត្តលើ​ផលិត​ផល​បន្លែ-ផ្លែឈើ ក៏ដូចជាសាច់នៅប្រទេសរបស់​ខ្លួនដោយ​សារការប្រើប្រាស់សារធាតុ គីមីគ្រោះថ្នាក់ក្នុងកម្រិតដ៏ច្រើនលើសលប់ រហូតអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិ​ភោគ​នោះ ​នាពេលថ្មីៗនេះទីក្រុងហាណូយ ក៏បានចាប់ផ្តើមរៀបចំ​ផែន​ការ​សំ​ដៅ​ធ្វើ​យ៉ាង​ណា​ធានា​​ការ​ផ្គត់​ផ្គង់នៃបន្លែ និងសាច់នៅក្នុង​ស្រុក​​ដែល​​មាន​​​សុវត្ថិ​ភាព​សម្រាប់​ទីក្រុង​ផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានវៀតណាម Vietnam Net នៅ​មុន​នេះ​​បន្តិច​​នា​​រ​សៀល​ថ្ងៃ​ចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។

ប្រទេសវៀតណាម​បានកាន់តែ​ចំណាយលុយ​ច្រើនឡើងៗ​បន្ថែមទៀត ពោលគឺ​ដល់​ទៅចំនួន​​ប្រហែល ១៦៤លាន​ដុល្លារអាមេរិក​​ទៅលើ​បន្លែ​​​ និងផ្លែឈើ​ដែលធ្វើ​ការនាំចូល​ពី​ក្រៅប្រទេស​​នៅក្នុងរយៈពេល​តែពីរខែដំបូង​​នៃឆ្នាំ២០១៧​នេះ​ប៉ុណ្ណោះ ហើយចំនួននេះ​​បានកើនឡើង​​​ដល់ទៅ​ ​៥៥ភាគរយ បើធៀប​នឹង​ពេលដូចគ្នា​នៅឆ្នាំ២០១៦។ គេសង្កេតឃើញថា​ប្រជាជនវៀតណាម​​ពីមួយឆ្នាំទៅ​មួយឆ្នាំ​​កាន់តែមាន​​ទំនោរ​ទៅរកបន្លែ-ផ្លែឈើ​​ដែលនាំចូល​ពីបរទេស​​ ជាពិសេសចិន​និងថៃតែម្តង​​ជាជាងការទិញ​ផលិត​ក្នុង​ស្រុក​របស់ខ្លួនពីព្រោះតែ​​បញ្ហានៃការ​ប្រើប្រាស់​ថ្នាំគីមី​​ច្រើនលើស​លប់​ហួស​កំណត់ ដោយ​ហេតុ​តែ​ចង់​បាន​ផលចំណេញ​​ច្រើន ​​​រហូត​ភ្លេច​គិតគូរ​ពីផល​ប៉ះ​ពាល់ដល់​​សុខភាព​​​អ្នក​​បរិភោគ។

ទោះបីជាមាន​​ឈ្មោះថា​ជាប្រទេសដើរ​ដោយវិស័យ​ឧស្សាហកម្ម​​យ៉ាងណាក្តី វៀតណាម​​បានបង្កើនការ​ចំណាយ​យ៉ាងច្រើន​​​សន្ធឹកសន្ធាប់​ ទៅលើការ​នាំចូល​បន្លែព្រម​ទាំង​ផ្លែឈើ។ តួយ៉ាងកាល​​ពីឆ្នាំ២០១៦ ប្រទេសអាស៊ាន​​មួយនេះបាន​ចាយ​លុយប្រមាណ ៩២៥​លាន​ដុល្លារ​​សហរដ្ឋអាមេរិក​លើ​ផលិតផល​ទាំងនេះ ដោយវា​បានកើនជិត​ ៥០ភាគរយធៀប​​នឹងឆ្នាំ២០១៥។

គួរបញ្ជាក់ថា​កាលពីសប្តាហ៍​មុន​ផ្នែកសុខាភិបាល​វៀតណាម ក៏បានប្រកាស​ប្រមូលសាច់​ជ្រូកក្នុងស្រុកជា​ច្រើនពីទីផ្សារ​ផងដែរ បន្ទាប់ពី​បាន​រកឃើញថា​មានផ្ទុកមេរោគម៉្យាងដ៏គ្រោះថ្នាក់៕