(ញ៉ូដេលី)៖ នៅក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយ នារីវ័យ២០ឆ្នាំម្នាក់ត្រូវបានគេដុតទាំងរស់នៅក្នុងភូមិ មួយកន្លែងក្បែរក្រុង Jodhpur នៃរដ្ឋ Rajasthan ភាគខាងលិចប្រទេសឥណ្ឌា ដោយសារតែរឿងតវ៉ាជំទាស់នឹងការកាត់ដើមឈើ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ​ចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។

ហេតុការណ៍បាន​កើតឡើងនាថ្ងៃ​អាទិត្យម្សិលមិញ ប៉ុន្តែទើបតែ​បានលេចឡើងនាវេលាព្រឹក​ថ្ងៃចន្ទនេះ នៅពេលដែល​នារីរងគ្រោះបាត់ដាច់​ខ្យល់ស្លាប់​នៅឯមន្ទីរពេទ្យ​ ដោយហេតុ​តែអការៈរបួស​របស់នាង​ធ្ងន់ធ្ងរពេក។ យោងតាមមន្រ្តី​ប៉ូលិសឥណ្ឌា នារីម្នាក់នោះមានឈ្មោះថា Lalita បានប្រឆាំង​ជំទាស់ចំពោះ​ការកាត់ដើមឈើ ដែលត្រូវបានដាំដុះ​នៅក្នុងកសិដ្ឋាន​របស់នាង ដើម្បីយកទីធ្លា​សាងសង់ផ្លូវមួយកន្លែង​នៅក្បែរ​ភូមិដែល​នាងស្នាក់នៅ។

ប៉ូលិសបាន​ឲ្យដឹងថា​ ដំបូងឡើយវាគ្រាន់តែជាជម្លោះពាក្យសម្តីបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែក៏បែរ​បានប្រែក្លាយ​ទៅជាតឹងតែង​ឡើងៗ រហូត​ឈានដល់​ក្រុមអ្នកភូមិ​មួយក្រុម​បានវាយប្រហារ​ទៅលើរូបនាង។ ក្រុមអ្នកភូមិ​ដែលរួមមាន​ទាំងវត្តមាន​មេភូមិឈ្មោះ Ranveer Singh ពុំបានបញ្ឈប់​​សកម្មភាពត្រឹម​នោះឡើយ ដោយ​បន្តិច​ក្រោយមក​ក៏បាននាំគ្នា​យកប្រេងសាំង​ទៅស្រោចចាក់លើ​នារីរងគ្រោះ រួចហើយ​បាន​​ដុត​ទាំង​រស់​តែ​ម្តង។

គួរបញ្ជាក់ថា​យោងតាមមន្រ្តីប៉ូលិស​ជាន់ខ្ពស់ម្នាក់ អ្នកភូមិមួយក្រុម​នោះមានគ្នីគ្នា​ចំនួន១០នាក់ ខណៈ​​សមត្ថកិច្ច​ក៏​បាន​បើក​ការ​ស៊ើប​អង្កេត​ទៅ​​លើ​រឿង​ផងដែរ ហើយនឹងចាប់​ខ្លួនជនត្រូវចោទ​ទាំងអស់នោះ​នាពេលឆាប់ៗ​ខាងមុខ៕