(តូក្យូ)៖ បុរសជនជាតិ​វៀតណាមម្នាក់​ដែលបានស្ថិតនៅក្នុងការឃុំខ្លួនក្នុងប្រទេសជប៉ុន ពាក់ព័ន្ធនឹងការ​ធ្វើ​អន្តោប្រវេសន៍ខុសច្បាប់នោះ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ប៉ុន្តែព័ត៌មានទើបតែត្រូវបានផ្សព្វផ្សាយ និងផ្ទុះឡើងនៅថ្ងៃចន្ទនេះប៉ុណ្ណោះ ដែលវាកំពុងតែបង្កជាសំនួរចាក់ដោតជាច្រើន ទៅលើប្រព័ន្ធឃុំឃាំងនៅក្នុងប្រទេសជប៉ុន។ នេះបើតាមការ​ចេញផ្សាយនៅរសៀលថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧ ដោយ Channel News Asia។

បុរសវៀតណាម​ខាងលើនេះ​មានឈ្មោះថា Van Huan Nguyen បានបាត់បង់ជីវិត​នៅក្នុងមន្ទីរឃុំឃាំង​មួយ​ស្ថិតនៅ​ក្នុងខេត្ត Ibaraki ភាគខាងកើត​ប្រទេសជប៉ុន ដែលលោកជា​បុរសទីហើយ​ដែលបានស្លាប់​បន្ទាប់ពី​បុរសដំបូង​ដែលបានទទួល​មរណភាព នៅកន្លែង​ដដែលនេះកាលពីឆ្នាំ២០១៤។ លោក Van គឺជាជន​អន្តោប្រវេសន៍ម្នាក់​ក្នុងចំណោម​ជនភៀសខ្លួន​ជាង ១១,០០០នាក់​ ដែលត្រូវបាន​អាជ្ញាធរជប៉ុនទទួល​យក​ក្នុងរយៈពេលបី​ទសវត្សរ៍រហូតដល់​ឆ្នាំ២០០៥ (ចាប់តាំងពីសម័យ​សង្គ្រាមវៀតណាម)។

តាមសម្តីរបស់​មិត្តភក្តិលោក Van បុរសជនជាតិវៀតណាមរូបនេះ​គ្មានសាច់ញាតិនៅប្រទេស​ជប៉ុននោះទេ ប៉ុន្តែលោកមាន​មិត្តភក្តិច្រើន។ មិត្តរូបនោះបាន​បញ្ជាក់ថា «លោកគឺជាមនុស្ស​ដែលរីករាយ និងកំប្លែង​ខ្លាំងណាស់។ ខ្ញុំមិនជឿថាគាត់​ស្លាប់បែប​នេះទេ»។ ទោះបីជាយ៉ាង​ណាមូលហេតុ​នៃការស្លាប់របស់ Van នៅមិនទាន់មាន​ការបញ្ជាក់ពី​អាជ្ញាធរជប៉ុន​នោះទេ ប៉ុន្តែសាធារណមតិមានការរិះគន់​រួចទៅហើយ​ទៅលើ​ប្រព័ន្ធគ្រប់គ្រង​មន្ទីរឃុំឃាំង​នៅប្រទេសជប៉ុន ដែលមានភាពទន់ខ្សោយ និងមិនអាចមើលថែ​ទាំជនជាប់​ឃុំទាំងឡាយ​ឲ្យបានដិតដល់​ ទើបបានបណ្តាលឲ្យមានអ្នកបាត់បង់ជីវិត​ជារឿយៗបែបនេះ៕