(គូរឡាឡាំពួ)៖ ជនជាតិម៉ាឡេស៊ីចំនួនបីនាក់ទៀត ដែលត្រូវបានចាប់ជំរិតដោយក្រុមឧទ្ទាម អាប៊ូ សាយយ៉ាហ្វ នៅក្បែរឆ្នេរ Dent Haven ក្នុង​ទីក្រុង Lahad Datu ភាគខាងជើងប្រទេសកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នោះ ទីបំផុតត្រូវបានជួយសង្រ្គោះ ដោយកងកម្លាំងសន្តិសុខ​របស់ប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។

ទីបញ្ជាការដ្ឋានសន្តិសុខនៃរដ្ឋ Sabah ប្រទេសម៉ាឡេស៊ីបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ជនរងគ្រោះដែលត្រូវបានចាប់ជំរិតរួមមានឈ្មោះ Fandy Bakran វ័យ២៧ឆ្នាំ, Mohd Jumadil Rahim វ័យ២៤ឆ្នាំ, និង Mohd Ridzuan Ismail វ័យ៣៣ឆ្នាំ ត្រូវបានជួយសង្រ្គោះ​នៅអំឡុង​ប្រតិបត្តិការមួយក្នុងដែនសមុទ្រនៃរដ្ឋ Sulu នាយប់ថ្ងៃអាទិត្យ។

គួរបញ្ជាក់ថាបុរសទាំងបីនាក់ខាងលើ ស្ថិតក្នុងចំណោមកម្មករសរុបចំនួន០៥នាក់នៃកប៉ាល់ Serudong Tiga ដែលត្រូវបានក្រុមឧទ្ទាម អាប៊ូ សាយយ៉ាហ្វ ចាប់ជំរិតនៅក្នុងដែនសមុទ្រនៃឆ្នេរ Dent Haven ក្នុងក្រុង Lahad Datu កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំមុននេះ។ ចំណែកឯពីរនាក់​ផ្សេងទៀតមានឈ្មោះ Tayudin Anjut អាយុ៤៦ឆ្នាំ និង Abd Rahim Summas អាយុ៦៣ឆ្នាំក៏ត្រូវបាន​ជួយ​សង្រ្គោះដោយ​​កម្លាំង​សន្តិ​សុខ​​ហ្វី​​លី​ពីន​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​សប្តាហ៍មុនផងដែរ៕