(បាងកក)៖ បន្ទាប់ពីសារព័ត៌មានបរទេសជាច្រើនបានហៅក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ល្បីល្បាញ «ប៉ាតាយ៉ា» ថាជា «ទីក្រុងនៃអំពើបាប» និងជា «រដ្ឋធានីបម្រើផ្លូវភេទ​របស់ពិភពលោក» នោះ រដ្ឋាភិបាលថៃបានសម្រេចបង្កើតកិច្ចខិតខំប្រឹងប្រែងដ៏ថ្មីសន្លាង ក្នុងក្តីសង្ឃឹមថានឹង​អាចកែប្រែរហស្សនាមនៃទីក្រុងនេះឲ្យល្អឡើងវិញបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។

អាជ្ញាធរថៃ​បានបើកយុទ្ធនាការ​មួយមាន​ឈ្មោះថា «Happy Zone» នៅរាល់ពេលចុងសប្តាហ៍​ដើម្បីកែប្រែរូបភាព​នៃទីក្រុង ប៉ាតាយ៉ា ដែលល្បីរន្ទឺ​​សម្រាប់ទេសចរណ៍​ផ្លូវភេទ ហើយវា​គឺជាមធ្យោបាយ​មួយដែលមាន​ភាពធូរស្រាល ជាងប្រតិបត្តិការ​ចុះសម្រុក​ឆែកឆេរ​របស់សមត្ថកិច្ចថៃ។ រាល់មុខ​ជំនួញ​ទាំងអស់នៅ​ក្នុងតំបន់ Happy Zone ត្រូវបានស្នើ​ឲ្យធ្វើយ៉ាងណា​ឲ្យតំបន់នេះមាន​ភាពសុវត្ថិភាព​ជាងមុខ ដោយមាន​ការកើនឡើង​​នៃ​កងសន្តិសុខដើរល្បាត ហើយប៉ូលិស​ក៏បានបង្កើត​កម្មវិធីទូរស័ព្ទ​សម្រាប់ភ្ញៀវទេសចរ​ ដើម្បីកោះ​ហៅពួកគេនៅក្នុងករណី​អាសន្នបន្ទាន់​ណាមួយ​ផងដែរ។

មេបញ្ជាការប៉ូលិស​ទីក្រុងប៉ាតាយ៉ា លោក Apichai Krobpetch បានថ្លែងថា «Happy Zone គឺជាគំរោងមួយ​ដែលពុំធ្លាប់មា​នពីមុនមកឡើយ ដើម្បីរៀបចំ​គោលដៅ​ទេសចរណ៍ និងលើក​កម្ពស់គុណភាព​នៃវិស័យទេសចរណ៍​របស់ប្រទេសថៃ» ហើយលោក​បានបញ្ជាក់ទៀតថា​ក៏​នឹង​ធ្វើការលុបបំបាត់​ការរកស៊ីផ្លូវភេទ​ចេញពីតំបន់​នោះផងដែរ។

គួរបញ្ជាក់ថា​ទេសចរណ៍ផ្លូវភេទ​បានលេចជារូបរាង​ឡើងនៅក្នុងទីក្រុង ប៉ាតាយ៉ា នៅពេល​ដែលវាបានក្លាយ​ជាកន្លែងកម្សាន្ត​សម្រាប់កង​ទ័ព​អាមេរិក​ កាលពី​សម័យ​សង្រ្គាមវៀតណាម​មកម្ល៉េះ ហើយយោង​តាមរបាយការណ៍​នាឆ្នាំ២០១៤​ របស់​អង្គការ UNAIDS ចំនួនស្រ្តី​រកស៊ី​ផ្លូវភេទ​នៅក្នុងប្រទេសថៃ​មានចំនួន​ដល់ទៅជាង​ ១២០,០០០នាក់ ខណៈមតិ​មួយចំនួន​ទៀតបានប៉ាន់​ស្មានថា​ ចំនួននេះ​អាចទ្វេដង៕