(សេអ៊ូល)៖ ប៉ូលិសម៉ាឡេស៊ីបានចូលទៅក្នុងស្ថានទូតកូរ៉េខាងជើង ប្រចាំទីក្រុងគូឡាឡាំពួ ដើម្បីសួរចម្លើយជនសង្ស័យបីនាក់ ពាក់ព័ន្ធនឹងអំពើឃាតកម្មលើបងប្រុសម្ដាយទីទៃរបស់មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ កាលពីខែកុម្ភៈ។ នេះបើតាមសារព័ត៌មានជប៉ុនក្យូដូ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។

យោងតាមក្យូដូប៉ូលិសម៉ាឡេស៊ី​បួននាក់ បានចូលក្នុង​ស្ថានទូត​កូរ៉េខាងជើង និងបាន​ដឹកនាំ​ការស៊ើបអង្កេត​អស់រយៈពេលជាង ​២៖៣០នាទី មុននឹងចេញ​មកវិញ ហើយនេះគឺ​ជាការស៊ើបអង្កេត​ជាលើកដំបូង​បំផុតនៅក្នុង​ស្ថានទូត​កូរ៉េខាងជើង របស់ប៉ូលិស​ម៉ាឡេស៊ី ចាប់តាំងពី​លោក គីម ជុងណាំ ត្រូវបានឃាតករ​ស្រីពីរនាក់សម្លាប់​នៅឯអាកាសយានដ្ឋាន​ទីក្រុង​គូឡាឡាំពួ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ដោយប្រើប្រាស់​សារធាតុ​គីមីពុល VX។ នេះបើតាមសម្តីមន្ត្រីប៉ូលិស​ម៉ាឡេស៊ី។

គួរបញ្ជាក់ថា​ព័ត៌មានពាក់ព័ន្ធនឹង​ការសួរចម្លើយ​ខាងលើ ពុំទាន់មានការបញ្ជាក់​លម្អិតអ្វីនោះទេ។ បើតាមប៉ូលិស​ម៉ាឡេស៊ីជនជាតិកូរ៉េខាងជើង​ជាច្រើននាក់ អាចមានជាប់​ពាក់ព័ន្ធនឹងការ​សម្លាប់លោក គីម ជុងណាំ ដោយក្នុងនោះ​មនុស្សបីនាក់ក្នុងចំណោមអ្នកទាំងនេះ មានមន្ត្រីទូតកូរ៉េខាងជើង​ម្នាក់ ដែលគេជឿជាក់ថា​កំពុងលាក់ខ្លួន​នៅក្នុងស្ថានទូត៕ ​