(វ៉ាស៊ីនតោន)៖ អតីតអ្នកចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង លោក គ្រីស្ដូហ្វឺ ហ៊ីល (Christopher Hill) បាននិយាយថា ការប្រើប្រាស់កម្លំាងយោធាប្រឆាំងនឹងកូរ៉េខាងជើង មិនមែនជាជម្រើសល្អនោះទេ ហើយជម្រើសល្អបំផុតនោះគឺបង្កើនកិច្ចសហប្រតិបត្តិការជាមួយចិន ឱ្យដាក់សម្ពាធលើប្រទេសកុម្មុយនីស្ដឯកោមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ​ ទី២៧ ខែមីនា ឆ្នាំ២០១៧។

គំនិតប្រើ​កម្លាំងយោធាលើកូរ៉េខាងជើង​លេចឡើងជាថ្មីម្ដង​ទៀត បន្ទាប់ពីរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក រិច ធីល្លឺសុន បានបញ្ជាក់​កាលពីដើម​ខែមីនាថា យន្ដការការទូតដោះស្រាយជាមួយ​ទីក្រុងព្យុងយ៉ាង បានបរាជ័យ ដូច្នេះទីក្រុងវ៉ាស៊ីនតោន​កំពុងស្វែងរក​ជម្រើសថ្មី ក្នុងនោះរួមមាន​ទាំងការប្រើកម្លាំង​យោធា​ផងដែរ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ​ថ្លែងប្រាប់វិទ្យុ New York's AM 970 លោក គ្រីស្ដូហ្វឺ ហ៊ីល យល់ថា ការប្រើប្រាស់កម្លំាងមិនមែន​ជាមធ្យោបាយល្អនោះទេ។

លោកហ៊ីល បានលើកឡើង​ដូច្នេះថា «យើងបាននិយាយរួច​ហើយថា​ជម្រើសគ្រប់យ៉ាង​មានលើនៅតុ (...) យើងបានដាក់ទណ្ឌកម្ម​លើកូរ៉េខាងជើង​ រហូតដល់ក្លាយជាប្រទេសមួយ​ជាប់ទណ្ឌកម្មច្រើនជាង​គេនៅលើ​ពិភពលោក តែនៅតែមិន​មាន​លទ្ធផល ហើយយើងព្យាយាម​ចរចានឹងពួកគេ​ក៏គ្មានបាន​ផលអ្វីដែរ។ ក៏ប៉ុន្តែខ្ញុំគិតថា​អ្វីដែលជា​ជម្រើសល្អជាងនេះ នោះគឺកិច្ចសហការ​ដ៏ល្អរវាង​សហរដ្ឋអាមេរិក និងចិន ពោលគឺមិនមែន​ការប្រើកម្លាំងយោធា​នោះទេ ពីព្រោះបច្ចុប្បន្ន​យើងបានឃើញយ៉ាងច្បាស់ថា កម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង កាន់តែរីកចំរើន​ទៅមុខ ដែលទំាងនេះ​ជាបញ្ហា តើយើងគួរតែដោះស្រាយ​វាយ៉ាងដូចម្ដេច?»

គួរបញ្ជាក់ថាសម្រាប់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​បើទោះជាចិន​បានដាក់ទណ្ឌកម្ម​លើកូរ៉េខាងជើង​ក៏ដោយ ក៏ពួកគេយល់ថា​ទីក្រុងប៉េកាំង​មិនមានឆន្ទៈពិត ប្រាកដដាក់​សម្ពាធលើ​សម្ព័ន្ធមិត្តរបស់​ខ្លួនមួយ​នេះដែរ ត្បិតចិន​នៅតែត្រូវការ​កូរ៉េខាងជើង ដើម្បីទប់ស្កាត់​ការពង្រីកឥទ្ធិល​យោធាអាមេរិក​នៅក្នុងតំបន់​អាស៊ី៕