(ពិភពលោក)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀពូទីន ត្រូវបានគេចាត់ទុកជាបុគ្គលដ៏មានឥទ្ធិពលបំផុតលើលោក ចាប់តាំង​ពីឆ្នាំ២០០៩មកម្ល៉េះ។ ប៉ុន្តែហេតុអ្វីបានជាដំណែងនេះ ធ្លាក់ក្នុងដៃប្រធានាធិបតីរុស្ស៊ីរូបនេះទៅវិញ ខណៈដែលសហ​រដ្ឋអាមេរិក និងចិនជាប្រទេស មហាអំណាចពិភពលោកដែរនោះ?

ជាការពិតអំណាចនៃមេដឹកនាំរដ្ឋគ្រប់រូប ត្រូវបានកំណត់ដោយភាពខ្លាំងនៃរដ្ឋមួយនោះ តែវាក៏អាស្រ័យកាន់តែខ្លាំង​ទៅលើការប្រសិទ្ធភាពនៃការ ប្រើប្រាស់ អំណាចរបស់បុគ្គលរូបនោះផងដែរ បូករួមទាំងកត្តារដ្ឋធម្មនុញ្ញ បក្សនយោបាយ និងកម្លាំងយោធា។ ប្រសិនបើយើងច្របាច់ហេតុ​ផលទាំងអស់ខាងលើបញ្ជូលគ្នា វានឹងបង្ហាញកាន់តែច្បាស់ថា ហេតុអ្វីបានជាលោកប្រធានាធិបតី ពូទីន ត្រូវបានជាប់ក្នុងចំណាត់ថ្នាក់កំពូល ក្នុងនាមជាបុគ្គលដ៏មានឥទ្ធិពលបែបនេះ។

ការមើលឃើញជាក់ស្តែង ថ្វីត្បិតសហរដ្ឋអាមេរិក និងចិន មានអំណាចជាងរុស្ស៊ី ប៉ុន្តែប្រទេសរុស្ស៊ី ជាប្រទេសដែល​មានអាវុធ​នុយក្លេអ៊ែររាប់ពាន់  ជាសមាជិកអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិដែលមានសិទ្ធ​ក្នុងការ​វេតូបដិសេធ រាល់សេចក្តីសម្រេចណាមួយ របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ។ រុស្ស៊ីមានផ្ទៃដីដ៏ធំ​ល្វឹងល្វើយ​លាតសន្ធឹងគ្របដណ្តប់លើតំបន់ល្វែងម៉ោង (Time Zones) រហូតដល់១១ម៉ោង និងមានព្រំដែនជាប់ទ្វីប​ទាំងបីសំខាន់។

សូមជម្រាបថា ប្រទេស រុស្ស៊ី ជាប្រទេសដ៏ធំជាងលើពិភពលោក ដែលមានទំហំរហូតដល់៤៨ដងបើប្រៀបធៀបនឹងប្រទេស អាឡឺម៉ង់។ រុស្ស៊ីក៏ជាប្រទេសអ្នកមាន មានកំណប់ទ្រព្យជាធនធានធម្មជាតិ ដែលមានដូចជាប្រេង ឧស្ម័នធម្មជាតិ នីកែល អាលុយមីញ៉ូមជាដើម។ លោក ពូទីន យល់ច្បាស់ពីប្រទេស រុស្ស៊ី ប៉ុន្តេក៏កាន់តែយល់ច្បាស់ពីពិភពលោកទំាងមូល។ លោកមិនមែនល្ងង់ដោយប្រឈមមុខដោយផ្ទាល់ ជាមួយសហរដ្ឋអាមេរិក ឬអឺរ៉ុបនោះឡើយ។ ផ្ទុយទៅវិញ លោកយល់ច្បាស់ពីការប្រើប្រាស់អំណាចមួយទៀត គឺប្រើប្រាស់មធ្យោបាយតាម ប្រព័ន្ធអ៊ីនធើណែត និងការបរិហារកេរ្តិ៍ជាដើម។

ចំណែកលោក ពូទីន យើងអាចវាស់ស្ទង់អំណាច និងសមត្ថភាពរបស់មេដឹកនាំរូបនេះ ដោយការពិនិត្យទៅលើស្ថានភាពរបស់រុស្ស៊ីជាមុនសិន។ កាលពីជាងរាប់រយឆ្នាំមុន ប្រទេស រុស្ស៊ី បានលិចលង់ក្នុងរបបរាជានិយម ការដួលរលំនៃរបបប្រជាធិបតេយ្យ ការធ្លាក់ដុនដាប បញ្ហាសង្គ្រាម លោកលើកទីពីរ ដែលក្នុងនោះប្រជាពលរដ្ឋរុស្ស៊ីជាង១០លាននាក់ត្រូវស្លាប់។ មិនតែប៉ុណ្ណោះ ប្រទេស រុស្ស៊ី ក៏ត្រូវបានញាំញីដោយ របបដ៏សាហាវរបស់ស្តាលីន ការដួលរលំនៃរបបកុម្មុយនីស និងការបែកបាក់សភាពសូវៀត។ កាន់តែហួសចិត្តនោះគឺ ប្រទេស រុស្ស៊ីត្រូវរងការឈឺចាប់ដោយសារភាពពុករលួយ និងភាពហ្វឹកវរក្រោមការដឹកនាំរបស់លោក Boris Yeltsin ដែលបានអូសបន្លាយអស់ រយៈពេលជាច្រើនឆ្នាំ។

ទោះបីជារុស្ស៊ី ត្រូវដួលស្ទើរងើបមុខមិនរួច ប៉ុន្តែក្រោមការដឹកនាំរបស់ប្រធានាធិបតី វ្លាឌីមៀពូទីន ដែលបានស្វែងរកស្ថិរភាព ទស្សនៈវិស័យប្រកបដោយប្រជាប្រិយភាព ការបង្កើនស្តង់ដារស់នៅរបស់មនុស្ស ការបង្កើនការគោរពពីសំណាក់បណ្តាប្រទេសលើពិភពលោក ព្រមទាំងបង្កើតភាពលេចធ្លោសម្រាប់រុស្ស៊ី លើឆាកអន្តរជាតិ ដែលការគោរព និងការផ្តល់កិត្តិយសពីសំណាក់អន្តរជាតិ ពិតជាមានសារៈសំខាន់ជាខ្លាំង។ ប្រទេស រុស្ស៊ីក្រោមការដឹកនាំរបស់បុរសដ៏មានឥទ្ធិពលរូបនេះ ទទួលបានមោទនភាពយ៉ាងធំធេង។

មិនតែប៉ុណ្ណោះ បុរសខ្លាំង បានយល់ច្បាស់អំពីភាពរងគ្រោះនៃសង្គមបែបសេរី ការបែកបាក់និងជម្លោះផ្ទៃក្នុង។ លោកក៏យល់ច្បាស់ផងដែរ អំពីភាពផុយស្រួលនៃស្ថាប័នធំៗមួយចំនួន មានជាអាថ៌៖ សហភាពអឺរ៉ុប និងគំនិតនៃការធ្វើសមាហរណកម្ម និងដាច់ដោយឡែកពីគ្នា។
លោក ពូទីន ជាមេដឹកនាំដែលអាចប្រើប្រាស់អំណាចក្នុងនាមជាប្រធានាធិបតីប្រកបដោយប្រសិទ្ធភាព មិនសូវផ្តាច់ការ ឬគ្មានមេតា្ត និងផ្តល់ សេរីភាពច្រើនសម្រាប់មនុស្សជាងមេដឹកនាំដទៃទៀតលើពិភពលោក។

ប្រព័ន្ធនយោបាយ អាមេរិក និងចិន មានលក្ខណៈត្រួតពិនិត្យតាមដាន និងរក្សាតុល្យភាពនៃអំណាចរបស់ប្រធានាធិបតី ប៉ុន្តែរុស្ស៊ីវិញ គ្មានច្បាប់ ណាមួយដែលត្រូវបានបង្កើតឡើងសម្រាប់រារាំងដល់លោក ពូទីនឡើយ ដែលនេះអាចផ្តល់ឱ្យលោកអាចធ្វើអន្តរាគមន៍លើបណ្តាប្រទេស ទាំងអស់លើពិភពលោកបានយ៉ាងងាយ។ ដោយហេតុផលទាំងអស់ខាងលើ អាចបញ្ជាក់ថា លោក ពូទីន គឺជាបុរសដ៏មានឥទ្ធិពល លោកពិភពលោក ជាពិសេសចាប់ពីឆ្នាំ២០០៩មក។

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា