(ហុងកុង)៖ ភ្លាមៗបន្ទាប់ពីបានជាប់ឆ្នោត នៅថ្ងៃអាទិត្យនេះ ជាប្រធានប្រតិបត្តិថ្មីក្រុងហុងកុង ក្នុងនាមជាស្រី្ដដំបូង​គេបំផុតលោកស្រី  Carrie Lam បាននិយាយថា ការងារដំបូងដែលលោកស្រីត្រូវធ្វើ​នោះ គឺកាត់បន្ថយភាពតានតឹង​នៅក្នុងសង្គម ខណៈក្រុមអ្នកគាំទ្រលិទ្ធិប្រជាធិបតេយ្យបានសម្ដែងការ មិនពេញចិត្តជាខ្លាំងចំពោះលទ្ធផលបោះឆ្នោតនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០១៧។

លោកស្រី Carrie Lam ​មានអាយុ៥៩ឆ្នាំ និងធ្លាប់កាន់តួនាទីជាប្រធានលេខាធិការក្រុងហុងកុង ត្រូវបានគណៈកម្មាធិការ​បោះឆ្នោត មានសមាជិក ១,២០០នាក់ ភាគច្រើនជាមនុស្ស រដ្ឋាភិបាលចិន ជ្រើសរើសជាមេដឹកនាំថ្មី នៃទីក្រុងហុងកុង សម្រាប់ជំនួសតំណែងមេដឹកនាំបច្ចុប្បន្ន លោក CY Leung ដែលបាន ប្រកាសលាលែងពីតំណែងកាលពីខែកក្កដា ឆ្នាំ២០១៦ ដោយសារហេតុផ្ទាល់ខ្លួន។ ក៏ប៉ុន្តែយ៉ាងណា លទ្ធផលបោះឆ្នោតនេះ មិនបានបង្កជាការភ្ញាក់ផ្អើលអ្វី នោះទេ ពីព្រោះគេបាន​រំពឹង​ទុករួចទៅហើយថា លោកស្រី Lam ដែលជាបេក្ខជនគាំទ្រ ដោយទីក្រុងប៉េកាំងនឹងឈ្នះ​នៅក្នុងការបោះឆ្នោត បើទោះជាមានការ ជំទាស់ពីសំណាក់ក្រុមចលនាអ្នកគាំទ្រលិទ្ធិប្រជាធិបតេយ្យក៏ដោយ។

គួរបញ្ជាក់ថា ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យ បានចោទប្រកាន់ថា រដ្ឋាភិបាលចិន បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោត តាមរយៈការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន បង្ខំឱ្យអ្នកបោះឆ្នោតគាំទ្រលោកស្រី Carrie Lam កាន់តំណែងជាមេដឹកនាំថ្​មីរបស់ទីក្រុងហុងកុង។ លោកស្រី Carrie Lam បានទទួលការគាំទ្រ ៧៧៧សំឡេង ទល់នឹង៣៦៥សំឡេង របស់លោក John Tsang ដែលតាមពីក្រោយដោយ លោក Woo Kwok-hing ទទួលបានត្រឹមតែ ២១សំឡេង៕