(ហុងកុង)៖ ការបោះឆ្នោតជ្រើសរើសមេដឹកនាំទីក្រុងហុងកុងថ្មី បានចាប់ផ្ដើមហើយនៅថ្ងៃអាទិត្យនេះ ខណៈការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថា ជាការប្រកួតប្រជែងរវាងបេក្ខជនគាំទ្រដោយប្រជាជនហុងកុង និងបេក្ខជនគំាទ្រដោយ​រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលកំពុងរង់ចាំអ៊ុតមើលលទ្ធផលបោះ ឆ្នោត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០១៧។

គណៈកម្មាធិការបោះឆ្នោតទីក្រុងហុងកុង មានសមាជិក ១,២០០នាក់ នឹងធ្វើការជ្រើសរើសបេក្ខជនម្នាក់នៅក្នុងចំណោម ០៣នាក់ ដើម្បីជំនួសតំណែង មេដឹកនាំបច្ចុប្បន្នលោក CY Leung  ដែលត្រូវបានគេចាត់ទុកថាជាមនុស្សរបស់ទីក្រុងប៉េកាំង។  លោក Leung បានលាលែងពីតំណែង កាលពីខែកក្កដា ឆ្នាំ២០១៦ ដោយសារហេតុផ្ទាល់ខ្លួន។ ដោយឡែក បើនិយាយពីបក្ខជនទំាង០៣នាក់ គេបានទាយទុកជាមុខរួចទៅហើយថាអតីតមន្ត្រីហុងកុង លោកស្រី Carrie Lam គឺជាជម្រើសរបស់រដ្ឋាភិបាលចិន ហើយត្រូវបានគេរំពឹងថា អាចនឹងជាប់ឆ្នោតជាមេដឹកនាំទីក្រុងហុងកុងថ្មី ក្នុងចំណោម​បេក្ខជន០២នាក់ផ្សេង ទៀតរួមមានលោក John Tsang និងលោក Woo Kwok-hing។ ក៏ប៉ុន្តែ​ មុននឹងការបោះឆ្នោត​ដំណើរការ ក្រុមបាតុករប្រមាណជា ១០០០នាក់បាននាំគ្នា ដើរតាមដងផ្លូវ ដោយថែមទំាង​នាំគ្នាស្រែកថាតើនរណានឹងក្លាយជាមេដឹកនាំទីក្រុងហុងកុង ហើយដែលនេះបានធ្វើឱ្យគេនឹកឃើញដល់បាតុកម្មឆ័ត្ររបស់ ក្រុមចលនាអ្នកគាំទ្រប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៤។       

គួរបញ្ជាក់ថា ដើម្បីក្លាយជាមេដឹកនាំទីក្រុងហុងកុង បេក្ខជនត្រូវការសំឡេងឆ្នោត ៦០១សំឡេង។ តែបើសិនគ្មានបេក្ខណា​មួយទទួលចំនួនសំឡេង នេះទេ នោះបេក្ខជនកំពូល០២នាក់ នឹងត្រូវចូលរួមការបោះឆ្នោតជុំទី០២៕