(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក  លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងត្រឡប់ទៅកាន់​ការធ្វើកំណែរ​ទម្រង់​ពន្ធដារវិញ បន្ទាប់ពីបរាជ័យក្នុងការទទួល ការគាំទ្រពីសភាអាមេរិកពាក់ព័ន្ធនឹងច្បាប់ស្ដីពីវិស័យសុខារបស់លោក ដែលមានបំណងជំនួសច្បាប់ចាស់នៃអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា។ នេះបើតាមការចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០១៧។

ច្បាប់សុខាភិបាលថ្មី របស់លោកត្រាំ សំដៅជំនួសច្បាប់ Obamacare ពុំបានទទួលការគាំទ្រគ្រប់គ្រាន់ឡើយ បើទោះជាសភា និងព្រឹទ្ធសភាអាមេរិក គ្រប់គ្រងដោយក្រុមអ្នកសាធារណរដ្ឋ ដែលជំទាស់នឹង Obamacare អស់រយៈពេលជាច្រើន​ឆ្នាំមក​ហើយក្ដី។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ថ្លែងទៅកាន់ ក្រុមអ្នកសារព័ត៌មាននៅសេតវិមានលោក ដូណាល់ ត្រាំ បញ្ជាក់ដូច្នេះថា៖ «ខ្ញុំចង់និយាយថា យើងអាចនឹងចាប់ផ្ដើមយ៉ាងខ្លំាងបំផុតសម្រាប់ការកាត់ បន្ថយពន្ធ និងកំណែរទម្រង់ពន្ធដារ ហើយវានឹង​ត្រូវធ្វើ​នៅពេលបន្ទាប់»។  

គួរបញ្ជាក់ថា ច្បាប់ Obamacare អាចចាត់ទុកបានថាជាជោគជ័យមួយដ៏ធំនៃមរតកបន្សល់ទុកពីអតីតរដ្ឋបាលលោក អូបាម៉ា ដោយច្បាប់នេះបានតម្រូវឱ្យ ប្រជាជនអាមេរិកទំាងអស់ទិញធានារ៉ាប់រងសុខភាព ក៏ប៉ុន្តែ ក៏បានផ្ដល់ជំនួយ​ដល់អ្នកមានប្រាក់​ចំណូលទាបផងដែរ៕