(ម៉ិចស៊ីកូ)៖ ការដែល​ប្រធានាធិបតី ដូណាល់ ត្រាំ បង្ខំក្រុមហ៊ុនឧស្សហកម្មអាមេរិក ឲ្យទៅបង្កើតការងារក្នុងស្រុកវិញនោះ កំពុងតែបើកចំហ​​ច្រកផ្លូវវិនិយោគសម្រាប់ក្រុមហ៊ុនចិននៅម៉ិចស៊ីកូ ដែលវាគឺជាសម្តីរបស់នាយកធនាគារឧស្សហកម្ម និងពាណិជ្ជកម្មចិន ICBC ដែល​​អ្នក​ផ្តល់​ប្រាក់កម្ចីធំជាងគេបង្អស់របស់ប្រទេសម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច​រសៀលថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០១៧។

លោក Yaogang Chen ប្រធានសាខា​ធនាគារ ICBC ប្រចាំនៅម៉ិចស៊ីកូ​បានលើកឡើងថា​ ការខាតបង់​របស់ក្រុមហ៊ុន​ឧស្សាហកម្ម​អាមេរិក ​អាចផ្តល់គុណសម្បតិ្ត​ដល់​ប្រទេសចិន។ ថ្លែងក្នុង​បទសម្ភាសន៍​ក្រៅផ្លូវការមួយ​នៃសន្និសីទ​ស្តីពីធនាគារ​នៅឯ​ទីក្រុង Acapulco នៃប្រទេស​ម៉ិចស៊ីកូ​លោក Chen បាននិយាយថា «ប្រសិនបើ​គំរោងវិនិយោគ​របស់សហរដ្ឋអាមេរិក​ពុំកើតឡើង​ទេនោះ វាត្រូវតែ​មានអ្នកដទៃផ្សេង​​ទៀត​ធ្វើការបណ្តាក់​ទុនវិនិយោគ... បើសិនជា​ក្រុមហ៊ុនចិនយល់ឃើញ​ថា​​វាមានផលចំណេញ ពួកគេនឹងធ្វើ​ការវិនិយោគជាក់ជាមិន​ខាន»។

គួរបញ្ជាក់ថា​កាលពីខែមករាកន្លងទៅនេះក្រុមហ៊ុន​ផលិត​រថយន្ត Ford បានសម្រេចលុបចោល​គំរោងសាងសង់​រោងចក្រ​មួយកន្លែង​តម្លៃ​១.៦ពាន់លានដុល្លារ​នៅរដ្ឋ San Luis Potosi កណ្តាល​ប្រទេស​ម៉ិចស៊ីកូ ស្របពេល​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ដែល​បាន​​បង្ហាញ​គោលជំហរប្រឆាំង​ចំពោះ ធ្វើការវិនិយោគរបស់ក្រុមហ៊ុនអាមេរិក​នៅក្នុងប្រទេស​​អាមេរិកឡាទីនមួយនេះ បានកោតសរសើរ​​ការសម្រេចចិត្តថា​ ជាជោគជ័យដ៏ធំមួយ ខណៈក្រុមហ៊ុន Ford ផ្ទាល់ពុំ​សប្បាយចិត្តប៉ុន្មាន​ឡើយចំពោះ​រឿងនេះ៕