(សេអ៊ូល)៖ យោងតាមការដកស្រង់ព័ត៌មានពីកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងបានអះអាងថា ការធ្វើសមយុទ្ធ​បាញ់មីស៊ីលផ្លោង គឺជារឿងធម្មតាប៉ុណ្ណោះ ដើម្បីទប់ទល់នឹងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់ សហរដ្ឋអាមេរិក។ នេះបើតាមការទីភ្នាក់​ងារព័ត៌មានយ៉ុនហាប់ ដកស្រង់ការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA នារសៀលថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០១៧។

ការឆ្លើយតប​របស់កូរ៉េខាងជើង​ខាងលើនេះ បានធ្វើឡើងបន្ទាប់ពី​មានការរិះគន់ និងគំរាមដាក់​ទណ្ឌកម្ម​បន្ថែមដោយ​សហរដ្ឋអាមេរិក រួមទាំង​ការតវ៉ាពី​សំណាក់​កូរ៉េខាងត្បូង និងជប៉ុន​ចំពោះការធ្វើតេស្តមីស៊ីល​ទ្រង់ទ្រាយធំចំនួនពីរដង តែក្នុងរយៈពេលនៃខែមីនានេះប៉ុណ្ណោះ។ KCNA បានចេញផ្សាយយ៉ាងដូច្នេះថា «វាជាសមយុទ្ធធម្មតានោះទេ ដែលត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងសង្គ្រាមនុយក្លេអ៊ែរ បង្កឡើងដោយ​សត្រូវ ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ»។

គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើង​បានធ្វើតេស្តបាញ់គ្រាប់​មីស៊ីលចំនួន ០៥គ្រាប់ ដោយក្នុងនោះមួយ​គ្រាប់បានទទួល​បរាជ័យកាលពីថ្ងៃទី០៦ ខែមីនា ហើយលើកទីពីរ​នៅក្នុងខែមីនា​ដដែល ត្រូវបានធ្វើឡើង​នៅអំឡុងសប្តាហ៍នេះតែម្តង ប៉ុន្តែវាបានទទួលបរាជ័យ។ ការធ្វើតេស្តមីស៊ីល​របស់កូរ៉េខាងជើង ធ្វើឡើងខណៈពេល​​ដែលសមយុទ្ធយោធា​ទ្រង់ទ្រាយធំ​ រវាងអាមេរិក-កូរ៉េខាងត្បូងបន្តធ្វើឡើងនៅឡើយ ដែលនឹងអូសបន្លាយ​​ដល់​ខែមេសា ឯណោះ៕