(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាបានឲ្យដឹងថា ខ្លួនមានគំរោងនឹងធ្វើសមយុទ្ធយោធារួមគ្នា ជាមួយបណ្តាប្រទេសដទៃមួយ​ចំនួនទៀត រួមមាន​ទាំងចិន ចក្រភពអង់គ្លេស រុស្ស៊ី និងសហរដ្ឋអាមេរិក នៅផងដែរក្នុងឆ្នាំនេះ ដើម្បីបង្កើនទំនាក់ទំនង​ផ្នែកយោធា ព្រមទាំងពង្រឹងកិច្ចសហ​ប្រតិ​បត្តិ​ការ​​ការ​ពារ​ជាតិ។ នេះបើតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០១៧។

ព័ត៌មានខាងលើនេះ​ត្រូវបានបង្ហើបឲ្យដឹង​ ដោយអនុរដ្ឋមន្រ្តី​ការពារជាតិ​ឥណ្ឌាលោក Subhash Bhamre នៅក្នុងសភា​យ៉ាងដូច្នេះថា «សម​យុទ្ធយោធា​ចម្រុះជាច្រើននឹង​ត្រូវធ្វើឡើង​ជាមួយប្រទេស​អូស្រ្តាលី បង់ក្លាដែស ចិន បារាំង ឥណ្ឌូណេស៊ី កាហ្សាក់ស្តង់ កៀហ្ស៊ីស៊ីស្ថាន ​ម៉ាឡេស៊ី ម៉ាល់ឌីវ ម៉ុងហ្គោលី នេប៉ាល់ រុស្ស៊ី ស៊ីឈែល ស្រីលង្កា ថៃ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក​ក្នុងអំឡុងឆ្នាំ២០១៧នេះ»

គួរបញ្ជាក់ថា​យោងតាមអ្នកវិភាគ​វិស័យការពារជាតិ​ជាច្រើនរូប កម្មវិធីធ្វើយោធា​ចម្រុះជាប្រទេស​ដ៏ច្រើនបែបនេះ នឹងអនុញ្ញាត​ឲ្យកងទ័ព​​ឥណ្ឌា​ដែលចូលរួមធ្វើ​ការសិក្សាស្វែង​យល់ ក៏ដូចជាប្រើប្រាស់ការអនុវត្តន៍​នៃកងទ័ព​របស់ប្រទេស ជាដៃគូរបស់​ពួក​គេ​​​បាន​​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព៕