(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើបុគ្គល និងគ្រឹះស្ថានសរុបចំនួន៣០ ដោយរួមមាន​ទាំងក្រុមហ៊ុន​ពាណិជ្ជកម្មមួយ​ របស់ប្រទេសកូរ៉េខាងជើងផងដែរទាក់ទងនឹងបញ្ជូន​ ក៏ដូចជាទទួលយកសម្ភារ​ហាមឃាត់​ពីប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើង និងស៊ីរី ដែល​អាច​ប្រើ​ប្រាស់សម្រាប់កម្មវិធីអភិវឌ្ឍន៍មីស៊ីលផ្លោង ឬមួយក៏អាវុធប្រល័យលោកដទៃៗទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងា​ព័ត៌​មាន​​កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០១៧។

យោងតាមសេចក្តី​ថ្លែងការណ៍​របស់ក្រសួងការបរទេស​សហរដ្ឋអាមេរិក សហគ្រាសពាណិជ្ជកម្ម​ឈ្មោះថា Saeng Pil ​របស់កូរ៉េខាងជើង​ ​និង​គ្រឹះ​ស្ថាន​ចំនួន ១០ផ្សេងទៀតរួមមាន​ ០៩គឺជាក្រុមហ៊ុន ឬក៏បុគ្គលជនជាតិចិន​ និងមួយទៀតជា​របស់ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម បាន​ទទួល​រង​ទណ្ឌ​កម្ម សម្រាប់ការ​បញ្ជូនសម្ភារៈរួម​ទាំងបរិក្ខានានា​ ដើម្បីផ្គត់ផ្គង់​កម្មវិធី​មីស៊ីលផ្លោង​នៃប្រទេស​អ៊ីរ៉ង់។

គួរបញ្ជាក់ថា​ក្រុមហ៊ុន និងបុគ្គលចំនួន១៩ផ្សេងទៀត​ត្រូវបានដាក់​ទណ្ឌកម្ម ដោយសារតែ​ការបញ្ជូនក៏ដូចជាទទួលយកពី​ប្រទេសអ៊ីរ៉ង់ កូរ៉េ​ខាង​ជើង ឬស៊ីរី​នូវទំនិញ​សេវាកម្ម និងបច្ចេកវិទ្យា​ដែលត្រូវបានចុះ​ក្នុងបញ្ជីហាមឃាត់ ព្រមទាំងសម្ភារ​មួយចំនួន​ទៀតដែលអាច​យកទៅ​ប្រើប្រាស់ដើម្បី​បង្កើតជា​ធនធាន​ចូលរួមចំណែក​ក្នុងការអភិវឌ្ឍ​អាវុធប្រល័យ​លោក​ និងមីស៊ីល​ផ្លោងបាន៕