(ប៉េរូ)៖ ចំនួនអ្នកស្លាប់​ដោយសារ​គ្រោះទឹកជំនន់ និងរអិល​បាក់ដីដែលបង្កឡើង​ដោយភ្លៀងធ្លាក់​ខ្លាំងជាប់ៗ​គ្នា ​នារយៈពេល​ប៉ុន្មាន​ថ្ងៃចុងក្រោយ​នេះ បានកើន ឡើងដល់ ៧៩នាក់ហើយ រីឯ​២៦៧នាក់បានរង​របួស ខណៈមនុស្ស​១០៣,៨០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេទៅកាន់ទីទួលមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិនសិនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។​

គ្រោះមហន្តរាយធម្មជាតិមានជាប់ពាក់ព័ន្ធបាតុភូត El Nino បានបំផ្លាញផ្ទះ​សម្បែងប្រជាជន​ជិត ១១៥,០០០ ខ្នង និងស្ពាន​ចំនួន១១៧បានបាក់ ហើយផ្លូវជាច្រើន​ត្រូវបិទ​មិនឱ្យចរាចរណ៍​ជាបណ្ដោះអាសន្ន។ ចំណែកឯ អាជ្ញាធរបេរ៉ូ​កំពុងធ្វើប្រតិបត្តិការ​ជួយសង្រ្គោះ ក៏ដូចជាផ្ដល់ជំនួយ​ចាំបាច់ដល់​ប្រជាជនរងគ្រោះ។

ដោយឡែកជុំវិញ​គ្រោះមហន្តរាយធម្មជាតិ​ដ៏អាក្រក់នេះដែរ ប្រធានាធិបតីប៉េរូ លោក Pablo Kuczynski បាននិយាយនៅ​ក្នុងសេចក្ដីថ្លែងការណ៍​តាមកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃសុក្រ​សប្ដាហ៍​មុនថា «យើងកំពុង​ប្រឈមមុខ​យ៉ាងធ្ងន់ធ្ងរ​នឹងបញ្ហាបម្រែបម្រួល​អាកាសធាតុ ហើយយើង​ក៏មិនដែលជួបគ្រោះ​ធម្មជាតិ​អាក្រក់បែបនេះដែរ នៅតាមបណ្ដាយ​ឆ្នេរប៉េរូ​គិតចាប់តាំង​ពីឆ្នាំ១៩៩៨មក»