(ព្យុងយ៉ាង)៖ វាពុំមែនជារឿងកម្រកើតឡើង ខណៈដែលកូរ៉េខាងជើង​បានចូលរួមរំលែកទុក្ខ​យ៉ាងក្រៀម​ក្រំ​ជាទី​បំផុតដល់ចក្រភពអង់គ្លេស ចំពោះអំពើវាយប្រហារដោយភេរវកម្មក្នុងទីក្រុងឡុងដ៍។ នេះបើតាមការចេញផ្សាយដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ​ ទី២៤ ខែមីនា ឆ្នាំ២០១៧ ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងជើង​។

ទីភ្នាក់ងារព័ត៌មាន KCNA របស់រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​បានធ្វើសេចក្តីរាយការណ៍​ថា នាយករដ្ឋមន្រ្តី​កូរ៉េខាងជើង​លោក Pak Pong Ju បានផ្ញើលិខិត​ដើម្បីចូលរួមសមានទុក្ខ​ដល់នាយករដ្ឋមន្រ្តី​អង់គ្លេស​ លោកស្រី Theresa May ជុំវិញសោកនាដកម្ម​នៃការវាយប្រហារ​ នៅខាង​ក្រៅរដ្ឋសភា​ចក្រភព​អង់គ្លេស។ នៅក្នុងសារ​រំលែកទុក្ខនោះ​លោក Pak បានបញ្ជាក់អះអាងថា​ ប្រទេស​កូរ៉េខាងជើង​ប្រឆាំងដាច់ខាត​ចំពោះ​​អំពើភេរវកម្ម​គ្រប់ទម្រង់​ទាំងអស់។

គួរបញ្ជាក់ថា​នៅថ្ងៃពុធ​សប្តាហ៍នេះ ភេរវករមួយរូប​ដែលក្រុម ISIS បានអះអាងថា​ជាជនសកម្មប្រយុទ្ធ​របស់ខ្លួន បានបញ្ជា​រថយន្តទៅមុខ​អ្នកធ្វើដំណើរ​ថ្មើរជើង​ជាច្រើននាក់​នៅចំកណ្តាលបេះដូង​នៃទីក្រុងឡុងដ៍ ដែលបាន​បណ្តាលឲ្យ​មនុស្សស្លាប់​បីនាក់​នៅនឹងកន្លែង និងជាង​៤០នាក់ផ្សេងទៀត​បានទទួលរងរបួស ហើយក្រោយ​មកជនដៃដល់រូបនោះ​ក៏បានចុះពីលើរថយន្ត រួចយក​កាំបិទទៅចាក់​មន្រ្តីប៉ូលិសម្នាក់​ដល់បាត់បង់ជីវិត នៅមុនពេល​ត្រូវបានសមត្ថកិច្ច​បាញ់សម្លាប់ចោល។ ដោយឡែក​ជាអកុសលជនរង​គ្រោះម្នាក់ទៀត​នៅក្នុងហេតុការណ៍​ដ៏អាក្រក់នេះ​ទើបតែបានបាត់បង់​ជីវិតនៅក្នុងមន្ទីរពេទ្យ៕